ភ្នំពេញ ៖ ផលិតផលប្រភេទគ្រឿងសម្អាងក្លែងក្លាយជាច្រើនប្រភេទបាននាំចូលស្តុកទុកនៅ ទីតាំងចំនួន២ក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ ត្រូវបានបង្ក្រាបពីសំណាក់សមត្ថកិច្ចចម្រុះ ក្រោមការដឹកនាំដោយគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ និងឃាត់ខ្លួនម្ចាស់ទីតាំង០១នាក់ដើម្បីយកទៅសាកសួរអនុវត្តតាមនីតិវីធី ។
ប្រតិបត្តិការខាងលើធ្វើឡើងកាលពីថ្ងៃទី០៨ ខែមករា ឆ្នាំ២០២០ ដោយមានការសម្របសម្រួលពីសំណាក់លោក ចែ សុង ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ។
បើយោងរបាយការណ៍របស់អធិការដ្ឋាននគរបាលខណ្ឌទួលគោក បានឱ្យដឹងថា ប្រតិបត្តិការបង្ក្រាបផលិតផលក្លែងក្លាយគ្រឿងប្រភេទសម្អាងនេះ ទីតាំងទី១នៅផ្ទះលេខ៥៨zនិងតាំងទី២ ផ្ទះលេខ៥០z ផ្លូវលេខ១៣៤zក្រុម២៣ ភូមិ៧ សង្កាត់ផ្សារដេប៉ូ២ ខណ្ឌទួលគោករាជធានីភ្នំពេញ មានម្ចាស់ឈ្មោះ យ៉ាង ផាន់ណា ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ សហគ្រាស(យីហោអេឡិចគីកូសប) ។
ការចុះបង្ក្រាបនោះផងដែរ សមត្ថកិច្ចចម្រុះបានពិនិត្យរកឃើញគ្រឿងសម្អាងជាច្រើនប្រភេទខុសច្បាប់ត្រូវបាននាំចូល រក្សាទុក និងចែកចាយដោយគ្មានការអនុញ្ញាតិច្បាប់ពីក្រសួងសុខាភិបាល និងគ្រឿងសម្អាងមួយចំនួនត្រូវបានសង្ស័យថាវិចខ្ចប់ដោយម្ចាស់ទីតាំងខុសស្តង់ដារដោយពុំមានច្បាប់អនុញ្ញាតិពីស្ថាប័នមានសមត្ថកិច្ច រួមនឹងការដកហូតស្ទិកហ្គ័របិទលើផលិតមួយចំមួនទៀតផងដែរ ។
ផលិតផលសគ្រឿងសម្អាងទាំងនោះ ត្រូវបានដកហូតជាបណ្តោះអាសន្នយកមករក្សាទុកនៅលេខាធិការដ្ឋាន គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយដើម្បីទុកស្រាវជ្រាវស៊ើបអង្កេតបន្តតាមនីតិវិធី ៕