សម្ដេច​ហ៊ុន​ សែន​៖​ អ្នកធ្វើចត្តាឡីស័ក ត្រូវធ្វើឱ្យបានត្រឹមត្រូវ ចៀសវាងឆ្លងកូវីដ១៩ទៅកាន់ទីកន្លែងផ្សេងទៀត

0
7

ភ្នំពេញ÷ សម្តេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​បានមានប្រសាសន៍ថា ចំពោះអ្នកដែលត្រូវធ្វើតេស្តកូវីដ-១៩ និងធ្វើចត្តាឡីស័ក គឺត្រូវធ្វើឱ្យបានត្រឹមត្រូវនឹងហ្មត់ចត់បំផុត ចៀសវាងការឆ្លងរាលដាលសាយភាយជំងឺកូវីដ-១៩ ទៅកាន់ទីកន្លែងផ្សេងទៀត។

តាមរយ:ហ្វេសប៊ុក នាថ្ងៃ២៩វិច្ឆិកានេះ សម្ដេចបានធ្វេីការអំពាវនាវទៅដល់ប្រជាពលរដ្ឋមេត្តាកុំភ័យស្លន់ស្លោ ឬឆោឡោរហូតបាត់បង់ម្ចាស់ការគ្រប់គ្រង​ ជំងឺកូវីដ-១៩​ កំពុងកេីតមានឡេីងនៅកម្ពុជា ហើយប្រជាពលរដ្ឋត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩។

សម្តេចតេជោ​ បន្តថា​ នៅថ្ងៃទី ២៩ វិច្ឆិកា ២០២០ នេះ ក្រសួងសុខាភិបាល​ បានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មី ចំនួន៧នាក់ថែមទៀត គឺ៦នាក់ឆ្លងក្នុងគ្រួសារតែមួយ និង១នាក់ទៀតមានកូវីដ-១៩មកពីសហរដ្ឋអាមេរិក។ សម្ដេចថា​ ការឆ្លងរាលដាលក្នុងគ្រួសារតែមួយនេះដែលបន្តចេញមកខាងក្រៅ​ គឺអាចកំណត់បានថាជា «ការឆ្លងក្នុងសហគមជាលើកដំបូងនៅកម្ពុជា»។

សម្តេចតេជោ​ មានប្រសាសន៍ថា​ កាលពីព្រឹកមិញគឺយើងបានបិទជាបណ្តោះអាសន្នមួយរយៈពេលខ្លីនូវ ផ្សារទំនើបអ៊ីអន១, សណ្ឋាគារភ្នំពេញ និងសាលាឯកជនអន្តរទ្វីបអាមេរិកកាំងនៅចាក់អង្រែ។ ករណីឆ្លងថ្មីនេះអាចមានការពាក់ព័ន្ធពីក្រុងភ្នំពេញ ខេត្តសៀមរាប បន្ទាយមានជ័យ និង មណ្ឌលគិរី។ នៅពេលនេះ ក្រសួងសុខា ភិបាល និង អាជ្ញាធរពាក់ព័ន្ធកំពុងធ្វើការងារយ៉ាងសកម្មដើម្បីធានាសុវត្ថិភាពសុខភាពប្រជាពលរដ្ឋយើង។

សម្តេចតេជោ​ បញ្ជាក់​ថា​ “ទោះជាយ៉ាងណាក៏ដោយ សូមបងប្អូនប្រជាពលរដ្ឋមេត្តាកុំភ័យស្លន់ស្លោ ឬឆោឡោរហូតបាត់បង់ម្ចាស់ការគ្រប់គ្រង។ ត្រូវបង្កើនការយកចិត្តទុកដាក់ការការពារសុខភាពផ្ទាល់ខ្លួន នឹងក្រុមគ្រួសារតាមរយៈការពាក់ម៉ាស់ នឹងដុសលាងសម្អាតដៃជាមួយសាប៊ូ, ចឹល, ឬទឹកអាល់កុល នឹងអនាម័យអោយបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល។ ក្នុងករណីមានការសង្ស័យណាមួយត្រូវរាយការណ៍ជូនគ្រូពេទ្យឱ្យបានឆាប់បំផុត”។

សម្តេចតេជោ​ សង្ឃឹមថា ប្រជាពលរដ្ឋបង្កេីនការយកចិត្តទុកដាក់ខ្ពស់ថែរក្សាសុខភាពមិនធ្វេសប្រហែស​ ដោយធ្វើតាមការណែនាំរបស់ក្រសួងសុខាភិបាលបានគ្រប់ៗគ្នា​ ជាពិសេស​ នៅក្នុងស្ថានភាពដ៏លំបាកនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here