ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសដាក់ចេញវិធានការ សំខាន់ចំនួន ៤ចំណុច ដើម្បីទប់ស្កាត់ បង្ការការពារការចម្លងជំងឺ ដ៏កាចសាហាវកូវីដ១៩ ។
ក្នុងឱកាសអញ្ជើញបើកការដ្ឋានសាងសង់ និងកែលំអរផ្លូវ ៣៨ខ្សែ នៅក្រុងសៀមរាប នាព្រឹកថ្ងៃទី៣០ វិច្ឆិកានេះ សម្ដេចតេជោ ហ៊ុន សែន បានដាក់ចេញនូវវិធានការ ចំនុចសំខាន់ៗមួយចំនួនដូចខាងក្រោម៖
១.វមានវិធានការការពារខ្លួនជានិច្ច ដោយត្រូវគិតថា ខ្លួនឯងមានកូវីដ-១៩ ប្រសើរជាងគិតថាគ្មាន សុខចិត្តធ្វើតេស្ត ឬធ្វើចត្ថាឡីស័ក១៤ថ្ងៃ ប្រសើរជាងមិនបានធ្វើ។
២.ត្រូវរៀបចំមជ្ឈមណ្ឌលចាត្តាឡីស័ក សំរាប់អ្នកដែលគ្មានលទ្ធភាព ទៅរកចត្តាឡីស័កនៅតាមផ្ទះ ហើយទីកន្លែងដែលត្រូវធ្វើចត្តាឡីស័កនោះ គឺជាទីកន្លែងដែលផ្ដល់ឱកាស ឲ្យក្រុមគ្រូពេទ្យទៅយកសំណាក ដើម្បីយកសំណាកនោះ មកធ្វើតេស្តអោយបានត្រឹមត្រូវ។
៣.សម្តេចតេជោនាយករដ្ឋមន្ត្រី បានសម្រេចអោយក្រសួងអប់រំយុវជន និងកីឡា បិទការសិក្សាសម្រាប់ឆ្នាំសិក្សា២០១៩ -២០២០ ហើយប្រលងមធ្យមសិក្សាបឋមភូមិតែម្ដង នៅថ្ងៃនេះ ហើយសម្រាប់អ្នកដែលបន្ត គឺមានសិស្សថ្នាក់ទី១២ ដើម្បីត្រៀមប្រលងក្នុងអំឡុងខែធ្នូខាងមុខ ហើយយើងនឹងត្រៀមបើកបវេសនកាលឡើងវិញ នៅខែមករា ឆ្នាំ២០២១។
៤.សម្តេចតេជោនាយករដ្ឋមន្ត្រី បានអំពាវនាវអោយប្រជាពលរដ្ឋ ចូលរួមដោយស្ម័គ្រចិត្តក្នុងការមកធ្វើតេស្ត និងអនុវត្តឲ្យបានខ្ជាប់ខ្ជួនតាមការណែនាំ របស់ក្រសួងសុខាភិបាល។
សម្ដេចតេជោ ក៏បានប្រាប់ឲ្យអាជ្ញាធរត្រូវជួយផ្គត់ផ្គង់ចំណីអាហារ ដល់បងប្អូនដែលត្រូវធ្វើចត្តាឡីស័ក អោយបានត្រឹមត្រូវ។ បើបងប្អូនមានការសង្ស័យ សូមទៅមន្ទីរពេទ្យជាបន្ទាន់ ហើយត្រូវដាក់ខ្លួនឲ្យនៅដាច់ជាមួយនឹងគ្រួសារ ១៤ថ្ងៃសិន។
ជាមួយគ្នានោះ សម្តេចតេជោ បានអំពាវនាវអោយបងប្អូនប្រជាពលរដ្ឋ ណាដែលគិតថាខ្លួនបានប៉ះពាល់ ឬពាក់ព័ន្ធជាមួយអ្នកជំងឺកូវីដ-១៩ សូមមកធ្វើតេស្ត និងធ្វើចត្តាឡីស័កជាបន្ទាន់ ដើម្បីចៀសវាងការចម្លងចូលសហគមន៍ ៕