ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០នេះ បានប្រកាស ពីករណីវិជ្ជមានកូវី១៩ ថ្មីម្នាក់ទៀត ដែលបានឆ្លងពីមិត្តភក្តិ ដែលចូលហាង Zando បឹងកេងកង ហើយត្រូវបានរកឃើញវិជ្ជមានកូវីដ១៩។
អ្នកជំងឺកូវីដ១៩ ដែលទើបរកឃើញនេះ ជាស្ត្រីជនជាតិខ្មែរ ឈ្មោះ ទីម ស្រីពេជ្រ អាយុ២៦ឆ្នាំ ស្នាក់នៅខណ្ឌដូនពេញ រាជធានីភ្នំពេញ ជាមិត្តភក្តិរបស់អ្នកជំងឺឈ្មោះ អិត កុម៉ាល ភេទប្រុសអាយុ៣៥ឆ្នាំ ដែលបានរកឃើញវិជ្ជមានកូវីដ១៩ នៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២០។ លទ្ធផលធ្វើតេស្តវត្ថុសំណាករបស់ស្ត្រីរូបនេះ ផ្តល់ដោយវិជ្ជាស្ថានប៉ាស្ទ័រកម្ពុជា គឺវិជ្ជមានកូវីដ១៩ ហើយបច្ចុប្បន្នអ្នកជំងឺត្រូវបានដាក់ឲ្យព្យាបាល នៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត។
នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០ វត្ថុសំណាកសរុបចំនួន៣១៥៨សំណាក់ ត្រូវបានធ្វើការវិភាគដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា គឺលទ្ធផលវិជ្ជមានកូវីដ១៩ ថ្មីចំនួន ម្នាក់ (ដែលជាអ្នកជំងឺខាងលើនេះ)។ ដោយឡើង នៅសល់វត្ថុសំណាកចំនួន២៤៥សំណាកផ្សេងទៀត ដែលត្រូវវិភាគបន្ត នៅថ្ងៃទី១១ ខែធ្នូនេះ។
សរុបអ្នកជំងឺកូវីដ១៩ ដែលបានរកឃើញពាក់ព័ន្ធព្រឹត្តិការណ៍ «សហគមន៍២៨វិច្ឆិកា» ពីថ្ងៃទី២៨ ខែវិច្ឆិកា ដល់ ថ្ងៃទី១០ ខែធ្នូ មានចំនួន៤០នាក់ (ស្រី១៩នាក់ និងប្រុស២១នាក់)។
សូមជម្រាបថា គិតត្រឹមម៉ោង៧ព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០នេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន ៣៥៧នាក់ ក្នុងនោះព្យាបាលជាសះស្បើយ ចំនួន៣០៧នាក់ និងអ្នកសម្រាកនៅមន្ទីរពេទ្យចំនួន៥០នាក់៕