ភ្នំពេញ៖ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនានរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា អបអរសាទរខួបអនុស្សាវរីយ៍ លើកទី២៨ ការដាក់បញ្ចូលក្រុមប្រាសាទអង្គរ ចូលជាសម្បត្តិបេតិកភ័ណ្ឌពិភពលោក ១៤ ធ្នូ ១៩៩២ – ១៤ ធ្នូ ២០២០ ។
យោងតាមបណ្ដាញសង្គមហ្វេសប៊ុក Royal Du Cambodge នៅថ្ងៃទី១៤ ធ្នូនេះ បានឲ្យដឹងថា ក្រុមប្រាសាទអង្គរ ត្រូវបានចុះបញ្ចូលក្នុងបញ្ជី សម្បត្តិបេតិកភ័ណ្ឌពិភពលោក របស់អង្គការយូណេស្កូ នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៩២ នាទីក្រុងសាន់តាហ្វេ សហរដ្ឋអាមេរិក ក្រោមព្រះរាជតម្រិ:ដ៏ថ្លៃថ្លា និងឈ្លាសវៃបំផុត នៃព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពដែនដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គបានធ្វើការអំពាវនាវ ទៅកាន់អង្គការយូណេស្កូ សុំឲ្យជួយស្រោចស្រង់ការពារក្រុមប្រាសាទអង្គរ ។
ឆ្លើយតបនិងការអំពាវនាវ នៃព្រះករុណា ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត បន្ទាប់ពីការដាក់បញ្ចូលតំបន់រមណីយដ្ឋានអង្គរ ចូលក្នុងបញ្ជីបេតិកភ័ណ្ឌពិភពលោក សន្និសីទអន្តរជាតិមួយ បានប្រារព្ធធ្វើឡើងនៅទីក្រុង តូក្យូ ចាប់ពីថ្ងៃទី ១២-១៣ ខែតុលា ឆ្នាំ១៩៩៣ ក្រោមការផ្តួចផ្តើមគំនិតរបស់រាជរដ្ឋាភិបាលជប៉ុន ដោយមានការគាំទ្រពីប្រទេសបារាំង និងអង្គការយូណេស្កូ ដើម្បីដាក់ចេញនូវយុទ្ធិសាស្រ្ត និងផែនការសកម្មភាពនានា ជាប្រយោជន៍ដល់កិច្ចការពារអភិរក្ស និងអភិវឌ្ឍន៍រមណីយដ្ឋានអង្គរ ដើម្បីសម្រេចគោលដៅនេះ គណ:កម្មាធិការសម្របសម្រួលអន្តរជាតិ ហៅកាត់ថា អាយស៊ីស៊ី អង្គរ ត្រូវបានបង្កើតឡើងនាខែធ្នូ ឆ្នាំ១៩៩៣ ។
កូនចៅប្រជានុរាស្រ្តទូទាំង ព្រះរាជាណាចក្រកម្ពុជា សូមព្រះបរមរាជានុញ្ញាតក្រាបបង្គំ ថ្វាយនូវអំណរព្រះរាជគុណ និងមហាព្រះរាជកុសល ថ្វាយព្រះវិញ្ញាណក័្ខន្ធ ព្រះករុណា ព្រះបរមរតនកោដ្ឋ ព្រះវររាជបិតាស្ថាបនាជាតិ ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គ បានត្រួសត្រាយផ្លូវដ៏សំខាន់ក្នុងកិច្ចការពារ លើកតម្កើងកត្តិនាមដ៏ឧត្តុង្គឧត្តម នៃក្រុមប្រាសាទអង្គរ ការពារអភិរក្ស និងអភិវឌ្ឍន៍រមណីយដ្ឋានអង្គរ ដើម្បីទុកជាសម្បត្តិដ៏មានតម្លៃពុំអាចកាត់ថ្លៃបាន ជូនដល់កូនចៅជំនាន់ក្រោយនៃប្រជាជាតិកម្ពុជា៕



