ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយមបានប្រកាសថា ចាប់ពីថ្ងៃ១៦-២២ធ្នូ កម្ពុជា នឹងចុះត្រជាក់ពី១៧ ដល់៣០អង្សាសេ ។
ក្នុងសេចក្តីប្រកាសរបស់ក្រសួងបានបញ្ជាក់ថា ការចុះត្រជាក់នេះដោយសារ ជ្រលងសម្ពាធខ្ពស់ពីប្រទេសចិន នឹងរំកិលចុះមកក្រោម ជាមួយនឹងខ្យល់មូសុងឦសាន បង្កើនល្បឿនបក់មកលើប្រទេសកម្ពុជាចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០។
ក្រសួងបន្ថែមថា ស្ថានភាពបែបនេះ នឹងធ្វើឱ្យបណ្តាខេត្តនៅតំបន់វាលទំនាបកណ្ដាលមានសីតុណ្ហភាពអប្បបរមាពី ២០-២៤ °C និងសីតុណ្ហភាពអតិបរមាពី ២៨-៣០ °C។ សម្រាប់ថ្ងៃទី ២១-២២ ខែធ្នូ សីតុណ្ហភាពអប្បបរមាពី ១៨-២១°C និងអតិបរមាពី ២៥-២៨ °C។ ទន្ទឹមនឹងនោះនៅបណ្តារាជធានី ខេត្តមួយចំនួននៅប៉ែកខាងក្រោម នៅមានភ្លៀងក្នុងកម្រិតខ្សោយទៅមធ្យមនៅថ្ងៃទី១៥ និងទី១៦ ខែធ្នូ ឆ្នាំ២០២០។
ចំពោះបណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន មានសីតុណ្ហភាពអប្បបរមាពី ២០-២២ °C និងសីតុណ្ហភាពអតិបរមាពី ២៨-៣០ °C ហើយសម្រាប់ថ្ងៃទី ២០-២២ ខែធ្នូ សីតុណ្ហភាពអប្បបរមាពី ១៧-២០ °C និងអតិបរមាពី ២៥-២៨ °C។
ដោយឡែកតំបន់មាត់សមុទ្រមានសីតុណ្ហភាពអប្បបរមាពី ២៣-២៥ °C និងសីតុណ្ហភាពអតិបរមាពី ២៧-២៩ °C ហើយសម្រាប់ថ្ងៃទី ២១-២២ ខែធ្នូ សីតុណ្ហភាពអប្បបរមាពី ២០-២២ °C និងអតិបរមាពី ២៦-២៩ °C។ ដូចនេះ ប្រជាពលរដ្ឋ និងជាពិសេសកងទ័ពរស់នៅ និងឈរជើងនៅតំបន់ជួរភ្នំដងរែក និងខ្ពង់រាបភាគឦសានត្រូវយកចិត្តទុកដាក់ថែរក្សាសុខភាពចំពោះធាតុអាកាសត្រជាក់នេះ៕