ភ្នំពេញ៖ ដោយមើលឃើញពីផលប៉ះពាល់នៃជំងឺកូវីដ-១៩ មកលើក្រុមមនុស្សងាយរងគ្រោះ ជាច្រើននៅកម្ពុជា អង់គ្លេសបានសម្រេចមិនបន្តអនុវត្ត ការព្យួរផ្នែកណាមួយនៃប្រព័ន្ធ អនុគ្រោះពន្ធរបស់ សហភាពអឺរ៉ុបក្នុងក្របខ័ណ្ឌប្រព័ន្ធអនុគ្រោះពន្ធ លើគ្រប់មុខទំនិញទាំងអស់ លើកលែងតែសព្វាវុធ (EBA)មកលើកម្ពុជានោះទេ។
យោងតាមសេចក្ដីប្រកាសព័ត៌មាន ស្ដីពីការផ្តល់ប្រព័ន្ធអនុគ្រោះពន្ធលើគ្រប់មុខទំនិញទាំងអស់ របស់ចក្រភពអង់គ្លេស និងអៀឡង់ខាងជើង ដល់ព្រះរាជាណាចក្រកម្ពុជា បានឲ្យដឹងថា នៅក្នុងជំនួបពិភាក្សាការងារជាមួយលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០ លោកស្រី Tina Redshaw ឯកអគ្គរាជទូត វិសាមញ្ញនិងពេញសមត្ថភាពនៃចក្រភពអង់គ្លេស និងអៀឡង់ខាងជើងបានមានប្រសាសន៍ថា ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២១ តទៅចក្រភពអង់គ្លេសនឹងអនុវត្តនូវគោលនយោបាយពាណិជ្ជកម្មឯករាជ្យ។
រដ្ឋមន្ត្រីទាំងអស់របស់អង់គ្លេសបានសម្រេចថា “នឹងមិនបន្តអនុវត្តការព្យួរមួយផ្នែកនៃប្រពន្ធ័អនុគ្រោះពន្ធរបស់ សហភាពអឺរ៉ុបក្នុងក្របខ័ណ្ឌប្រព័ន្ធអនុគ្រោះពន្ធលើគ្រប់មុខទំនិញ ទាំងអស់លើកលែងតែសព្វាវុធ មកលើកម្ពុជាទៀតទេ ដោយហេតុថា ចក្រភពអង់គ្លេសបានមើលឃើញពីផលប៉ះពាល់នៃជំងឺកូវីដ-១៩ មកលើក្រុមមនុស្សងាយរងគ្រោះ ជាច្រើននៃសង្គមកម្ពុជាដែលក្នុងនោះរួមមានទាំងកម្មកររោងចក្រផងដែរ”។
លោកស្រីឯកអគ្គរាជទូត បានមានប្រសាសន៍ថា ចក្រភពអង់គ្លេសកំពុងរិះរកវិធី ដើម្បីបង្កើតកិច្ចសន្ទនាទៀងទាត់ជាមួយអាជ្ញាធរមានសមត្ថកិច្ចកម្ពុជាលើបញ្ហាផ្សេងៗពាក់ព័ន្ធ និងវិស័យសិទ្ធិមនុស្ស និងសេរីភាព ផ្សេងៗទៀត។
លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានសម្តែងការកោតសរសើរយ៉ាងខ្លាំង ចំពោះការសំរេចចិត្តរបស់ចក្រភពអង់គ្លេសនេះ ដោយបានចាត់ទុកការសំរេចចិត្តនេះថា ជាការជំរុញ និងលើកទឹកចិត្តដល់រាជរដ្ឋាភិបាលកម្ពុជាហើយថា ការសម្រេចចិត្តនេះគឺពិតជាដំណឹងល្អសំរាប់កម្មករកម្ពុជានៅពេលដែលពួកគេកំពុងទទួលរងផលប៉ះពាល់ពីមហន្តរាយនៃជំងឺកូវីដ-១៩។
លោកឧបនាយករដ្ឋមន្រ្តីបានសង្កត់ធ្ងន់ថា កម្ពុជាបេ្តជ្ញាយ៉ាងមុតមាំក្នុងការកសាងទំនាក់ទំនងដែលផ្តល់ផលប្រយោជន៌ទៅវិញទៅមកជាមួយចក្រភពអង់គ្លេស ទាំងលើវិស័យទ្វេភាគី និងពហុភាគី៕