ភ្នំពេញ៖ ឯកអគ្គរដ្ឋទូតសិង្ហបុរីប្រចាំកម្ពុជា លោក Michael Tan បានលើកឡើងថា គម្រោងអភិវឌ្ឍន៍មជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញ មានសារសំខាន់ណាស់ក្នុងការ ជំរុញឲ្យមានការបណ្តាក់ទុនវិនិយោគផ្ទាល់នៅកម្ពុជា ពីបណ្តាក្រុមហ៊ុន ធំៗរបស់សិង្ហបុរី។
ក្នុងជំនួបពិភាក្សាការងារជាមួយ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០ លោក Michael Tan បានថ្លែងថា “គម្រោងអភិវឌ្ឍន៍មជ្ឈមណ្ឌលភ ស្តុភារកម្មភ្នំពេញនេះមាន សារៈសំខាន់ណាស់ ពីព្រោះវាជួយជំរុញឱ្យមានការបណ្តាក់ទុនវិនិយោគផ្ទាល់នៅកម្ពុជា ពីបណ្តាក្រុមហ៊ុនធំៗរបស់សិង្ហបុរី ដែលជាលទ្ធផល នឹងបង្កើតនូវការងារ និងជំរុញនូវកំណើនសេដ្ឋកិច្ចកម្ពុជា”។
ជាការឆ្លើយតប លោក ស៊ុន ចាន់ថុល ថ្លែងអំណរគុណចំពោះទូតសិង្ហបុរី ដែលបានសហការយ៉ាងពេញទំហឹងកន្លងមក ជាពិសេសការជំរុញឲ្យមានការបើកចរចារវាងកម្ពុជា និងសិង្ហបុរី ដោយមានការចូលរួមពីតំណាងរបស់ក្រសួង-ស្ថាប័នរដ្ឋ និងឯកជន ដើម្បីពិនិត្យ និងពិភាក្សាទៅលើកិច្ចព្រមព្រៀងក្របខណ្ឌនៃគម្រោងអភិវឌ្ឍន៍មជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញ។
លោកបន្ដថា កិច្ចព្រមព្រៀងក្របខណ្ឌបានចរចាដល់ដំណាក់កាលចុងក្រោយហើយ ដោយនៅសេសសល់បញ្ហាតូចៗមួយចំនួនទេ ដែលត្រូវដោះស្រាយ មុននឹងអាចចាប់ ផ្តើមការសិក្សាសមិទ្ធិលទ្ធភាពនៃមជ្ឈមណ្ឌលភស្តុភារកម្មនេះ៕

