កូវីដ១៩! រកឃើញអ្នកឆ្លងថ្មីម្នាក់ ជាករណីនាំចូលពីអាមេរិក

0
11

ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ថ្មីម្នាក់ ដែលជាអ្នកធ្វើដំណើរមកពីសហរដ្ឋអាមេរិក និងមិនមានករណីព្យាបាលជាសះស្បើយ។

អ្នកឆ្លងកូវីដ១៩ ថ្មីម្នាក់នេះ គឺជាស្ត្រីជនជាតិខ្មែរ-អាមេរិកាំង អាយុ៥៥ឆ្នាំ មានអាសយដ្ឋានស្នាក់នៅសណ្ឋាគារមួយ ក្នុងរាជធានីភ្នំពេញ បានធ្វើដំណើរមកពីសហរដ្ឋអាមេរិក បន្តជើងហោះហើរនៅប្រទេសចិន (តៃវ៉ាន់) មកដល់កម្ពុជា នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០ ដែលលទ្ធផលធ្វើតេស្តផ្តល់ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា គឺវិជ្ជមានកូវីដ១៩ ហើយបច្ចុប្បន្នអ្នកជំងឺត្រូវបានដាក់ឲ្យសម្រាកព្យាបាល នៅមជ្ឈមណ្ដលជាតិប្រយុទ្ធនឹងជំងឺរបេង និងហង់សិន។

សូមកត់សម្គាល់ថា អ្នកជំងឺតាមយន្តហោះជាមួយអ្នកជំងឺខាងលើ មានចំនួន ៤៤នាក់ ដែលក្នុងចំនួននេះ មានស្ត្រីខាងលើនេះផងដែរ។ រីឯអ្នកដំណើរចំនួន៤៣នាក់ ដែលមានលទ្ធផលតេស្តអវិជ្ជមានវីរសុកូវីដ១៩ ត្រូវបានដាក់ឲ្យធ្វើចត្តាឡីស័កចំនួន ១៤ថ្ងៃ នៅសណ្ឋាគារមួយក្នុង រាជធានីភ្នំពេញ ចំនួន ៣៦នាក់ និងនៅវិទ្យាល័យបុរី១០០ខ្នង ចំនួន៧នាក់។

សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី ២១ ខែធ្នូ ឆ្នាំ២០២០នេះ នៅកម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន៣៦៣នាក់ ក្នុងនោះអ្នកព្យាបាលជាសះស្បើយចំនួន ៣៤៥នាក់ និងអ្នកកំពុងសំរាកនៅមន្ទីរពេទ្យចំនួន ១៨នាក់៕

LEAVE A REPLY

Please enter your comment!
Please enter your name here