ហ្វេសប៊ុក៖ កាលពីពេលថ្មីនេះ តាមរយៈគណនីហ្វេសប៊ុកដែល មានឈ្មោះ Hai Ravid បានសរសេរនៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ថា “ការឈឺចាប់ដែលមិនអាចបំភ្លេចបានក្នុងមួយជីវិតនេះ ថ្ងៃនេះខែមុនគឺថ្ងៃទី24-12-2019 ប៉ាបានដើរចូលមន្ទីរពេទ្យ ត្រូវត្រួតពិនិត្យឈាម ស្គែន ថតផ្សេងៗជាច្រើនមុខដើម្បីត្រៀមចោះ និងចាប់យកគ្រួសពីក្នុងថង់និងទងប្រម៉ាត់រហូតដល់ម៉ោង2រសៀលត្រូវអត់បានហូបអីទេ។
ថ្ងៃទី26-12-19 ចូលប្លុកដើម្បីធ្វើការចោះចាប់ ម៉ោង9ព្រឹករហូតដល់ម៉ោង5ទើបចេញពីប្លុកមកកន្លែងសង្គ្រោះ ។ ស្អែកឡើងទើបពេទ្យប្រាប់ថាការលូកចាប់យកគ្រួសនៅថង់ប្រម៉ាតុត្រូវបរាជ័យដោយសារក្រពះគាត់យា និងពោះវៀនគាត់ស្អិតមិនអាចធ្វើការលូកចាប់កើត ។ ខ្ញុំសួរថាចុះលោកគ្រូឲ្យគេ ស្គែនពោះវៀនដោយចាញ់បញ្ចូលទឹកថ្នាំមើលមិនដឹងទេអីថាមានបញ្ហាឬមិនមាន ពេទ្យឆ្លើយថាការស្គែនហ្នឹងមើលឃើញតែលើៗ តើពិតទេ? បើឃើញតែលើៗដូចគាត់តើស្គែនបានប្រយោជន៍អី? ។ មិនសម្រេចក៏ហីចុះ តែរយៈពេលបីថ្ងៃបន្ទាប់មកប៉ាខ្ញុំចាប់ផ្តើមហើមពោះតឹងទៅៗ ធ្វើឲ្យគាត់ចុកចាប់យ៉ាងខ្លាំងមិនអាចទ្រាំបាន រហូតដល់ថ្ងៃទី31-12-2019 ពេទ្យថាត្រូវវះបើកដៃដើម្បីដោះពោះវៀនស្អិតគាត់ ខ្ញុំសួរថាតើមានបញ្ហាទេលោកគ្រូ ក្តីសង្ឃឹមយ៉ាងម៉េចដែរ ពេទ្យថាសួរចឹងគាត់មិនអាចឆ្លើយបានទេ ការដែលសំខាន់គឺត្រូវដោះបញ្ហាសិន។ ពេលនោះការសម្រេចចិត្តមានតែតាមពេទ្យ ។
បន្ទាប់ពីវះរួចបានបីថ្ងៃគឺចាប់ផ្តើមមានហៀរទឹកចេញពីក្នុងពោះមកតានថ្នេរ ខ្ញុំសួរពេទ្យទៀតថាតើមានបញ្ហាអីទេ គាត់ថាមិនអីទេដោយសារការតពោះវៀនមិនទាន់ជិតល្អ បន្តិចទៀតលែងអីហើយ ។ លាងមួយថ្ងៃពីរដងនៅតែមិនសះ រហូតដល់ថ្ងៃទី12-01-2020ពេទ្យថាដាច់ថ្នេរអស់ហើយត្រូវចូលប្លុកម្តងទៀតដើម្បីវះកាត់សាច់ស្អុយចេញ ខ្ញុំសួរថាតើយ៉ាងណាដែរហើយមានបញ្ហាអីទេ សង្ឃឹមប៉ុន្មាន គាត់ថាសួរចឹងគាត់ពិបាកឆ្លើយ តែមិនអីទេ ។ ការវះលើកនេះប៉ាត្រូវបញ្ចូលឈាមអស់ពីរសាក់ ព្រោះកម្លាំងកាន់តែខ្សោយហើយ ។ បន្ទាប់ពីវះពីបីថ្ងៃឃើញថាប្រហែលជាមិនអីទេទោះបីត្រូវចំណាយប្រើថ្នាំល្អៗក្តី ទៅទិញថ្នាំខាងក្រៅខ្លួនឯងពោះនៅពេទ្យថ្នាំដូចគ្នាតែតម្លៃថ្លៃជាងខាងក្រៅ ។
ថ្ងៃទី6នៃការវះលើកទីបីពេទ្យអាចហុតទឹកស៊ុបបានតិចទៅទោះបីគាត់មិនទាន់ដើរខ្យល់ក្តីមិនអីទេ បន្ទាប់ពីធ្វើតាមពេទ្យមានអីគ្រាន់តែប៉ាហូបទឹកស៊ុបតិចៗសោះចាប់ផ្តើមមិនស្រួល គឺមានហៀរខ្ទុះចេញតាមថ្នេរដូចលើកមុនចឹង ខ្ញុំក៏បានតេទាក់ទងទៅពេទ្យប្រាប់ និងសូមជួបគាត់ដើម្បីពិភាក្សា ព្រឹកឡើងគាត់មកពិនិត្យនិងប្រាប់ថាត្រូវចូលប្លុកវះម្តងទៀត ខ្ញុំភាំងស្មារតីព្រលឹងហាក់ហោះចេញបាត់ ដោយប៉ាផ្តាំថាបើត្រូវវះទៀតកុំយកគាត់ចូលឲ្យសោះ គាត់អស់សង្ឃឹមនិងលែងទុកចិត្តពេទ្យស្រុកខ្មែរហើយយកជីវិតគាត់មកលេងសើច។ ហើយពេទ្យថានេះជាជម្រើសចុងក្រោយហើយ។ តើឲ្យគាត់វះយ៉ាងមេចទៀតបើលើកមុនត្រូវបញ្ចូលឈាមហើយ ឥឡូវប៉ារឹតតែខ្សោយទៀត ដូចជាលេងសើចពេកហើយ ។
រាល់ពេលដែលមានបញ្ហាសម្តីរបស់ពេទ្យដែលប្រាប់មកគ្រួសារខ្ញុំគឺ នេះមិនមែនជាបំណងរបស់ពេទ្យទេហើយពេទ្យក៏មិនចង់មានបញ្ហាចឹងកើតឡើងដែរ។ ឱលោកម្ចាស់អើយ សម្តីនេះគឺការដោះសារដោយមិនទទួលខុសត្រូវលើកការធ្វេសប្រហែលរបស់ខ្លួននៅពេលដែលមានបញ្ហាកើតឡើង។បងប្អូនខ្ញុំមិនអាចបណ្តោយឲ្យពេទ្យវះដោយគ្មានសង្ឃឹមសោះនោះទេ ហើយប៉ាក៏មិនព្រមទៀតដែរ មានតែសុំចេញដោយលោកពេទ្យតម្រូវតាមបច្ចេកទេសគឺយើងត្រូវបំពេញលិខិតសុំចេញពីមន្ទីរពេទ្យដោយថាយើងជាអ្នកស្នើសុំពេទ្យមិនទទួលខុសត្រូវទេ។ ថ្ងៃទី19-01-2020ត្រូវជិះឡានសាមុយចេញពីពេទ្យ កាលពីចូលប៉ាជិះPassApp ដើរចូលពេទ្យ។ ដោយមិនអស់ចិត្តកូនៗបានអង្វរប៉ាសុំយកប៉ាទៅវៀតណាម ប៉ាថាតាមចិត្តប៉ាគឺមិនទៅទេព្រោះប៉ាដឹងខ្លួនថាអស់ហើយតែដើម្បីឲ្យកូនអស់ចិត្តប៉ាយល់ព្រម ។ ទាក់ទងឡានពេទ្យចេញពីផ្ទះម៉ោង11យប់ ទៅដល់ពេទ្យវៀតណាមម៉ោង 4ភ្លឺ ពេទ្យគេរហ័សរហួនណាស់ គេយកចិត្តទុកដាក់ណាស់ ដោយខ្ញុំមិនទាន់ចុះពីឡានផងគេអូសអ្នកជម្ងឺដល់ក្នុងហើយ ខុសពីយើងឆ្ងាយណាស់បើចង់ចូលពេទ្យរដ្ឋទាល់តែស្គាល់ខ្សែររយៈ ដែលគេនិយមហៅថាខ្នង ការយកចិត្តទុកដាក់អាស្រ័យលើខ្នង ហេតុអីបានចាំធ្វើចឹងធ្វើអី?
គេបានពិនិត្យសព្វគ្រប់ គេថាសោកស្តាយណាស់មេរោគធ្ងន់ធ្ងរហើយអស់លទ្ធភាពជួយហើយ គេកោតថាកម្ពុជាវះមនុស្សបានសាហាវ គ្រវីក្បាល គេខ្លោចចិត្តអាណិតប៉ាមិនដឹងឈឺចុកចាប់យ៉ាងណា ។ ឥឡូវមានតែស្តាប់ធម៌ហើយប៉ាកូនសុំទោស និយាយពីតម្លៃគឺធូរថ្លៃជាងនៅយើងគ្រាន់តែស្គែនពោះវៀនCT/MRIដូចគ្នានៅពេទ្យកេតុមាលាយើង165$ នៅវៀតណាមតម្លៃ2250000ដុង គិតជាដុល្លាក្បែរ100$ ។ អ្វីៗអស់ហើយមានតែសូមផ្តាំបងប្អូនប្រុងប្រយ័ត្ន ហើយប្អូនៗដែលចង់រៀនពេទ្យត្រូវសួរខ្លួនឯងតើយើងស្រលាញ់ជីវិតឬស្រលាញ់លុយ បើស្រលាញ់លុយប្អូនៗយកលុយត្រៀមរៀនពេទ្យទៅបង្កើតរបរទៅកុំមកអំពុលទុក្ខគេ ។ និងសំណូមពរដល់ប្រមុខរាជរដ្ឋាភិបាលមេត្តាកែរលម្អវិស័យសុខាភិបាលនៅកម្ពុជាឲ្យប្រសើរដូចប្រទេសជិតខាងផងដើម្បីប្រជាជនទទួលបាននូវសុវត្ថិភាពសុខភាពនៅក្រោមដំបូលសន្តិភាព ។
សម្ភារបរិក្ខារទំនើបមនុស្សក៏ត្រូវតែទំនើបតាមដែរ ត្រូវមានក្រមសីលធម៌វិជ្ជាជីវៈ បដិសណ្ឋាកិច្ចល្អប្រកបដោយភាពទន់ធ្លន់រួសរាយរាក់ទាក់ ។ បើខ្ញុំមានលទ្ធភាពនាំពេទ្យស្រុកយើងទៅទស្សនកិច្ជនៅប្រទេសថៃ ឬវៀតណាមម្នាក់ៗបីបួនខែដើម្បីសិក្សាពីប្រព័ន្ធធ្វើការ ពីរបៀបនៃការទទួលភ្ញៀវរបស់គេ ។ ហើយកុំឆ្ងល់ហេតុអ្វីបានជាអ្នកមានលទ្ធភាពល្មមៗគេទៅទទួលសេវានៅក្រៅប្រទេស មិនមែនមកពីគេទេ គឺមកពីយើង ។ នៅមានរឿងម្តាយខ្ញុំមួយទៀតដែលពេទ្យនៅយើងថាព្យាបាលលែងកើតហើយទុកដល់ហួសពេលព្យាបាលលែងជាហើយនិយាយនៅមុខអ្នកជម្ងឺទៀតស្មារតីប៉ុណ្ណាក៏ត្រូវតែបាក់ដែរ ហឺុមានណាទៅថៃគេថាមិនមានអីផងគេឲ្យថ្នាំតែពីរបីគ្រាប់ជា ដើរមើលនៅយើងអស់បីបួនពេទ្យអស់លុយរាប់ពាន់ដុល្លា ។ ចឹងៗអីតើឲ្យប្រជាជនទទួលយកបានទេ ។ ចុងបញ្ចប់មានតែពាក្យអរគុណ….ដែលបានអានដល់ទីបញ្ចប់។”៕