ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាប្រកាសថា គិតត្រឹមម៉ោង២រសៀល ម្សិលមិញ រាជរដ្ឋាភិបាលបានទទួលថវិកា លុយដុល្លារ ៥៣ ៦៧៩ ៧១៤ដុល្លារ និងប្រាក់រៀល ៩ ៩៣៥ ៤៨៨ ៥០០រៀល ពីសប្បុរសជន ដើម្បីទិញវ៉ាក់សាំងប្រឆាំងកូវីដ១៩។
ក្នុងពិធីថ្លែងប្រកាសបិទបញ្ចប់ព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០នេះ
សម្តេចតេជោបាន អរព្រះគុណព្រះមហាក្សត្រ និងសម្តេចម៉ែ ដែលបានចូលរួមប្រទានថវិកា ដើម្បីទិញវ៉ាក់សាំង ព្រមទាំងអរគុណដល់សប្បុរសជននានាដែលបានចូលរួមផងដែរ។
សម្តេចបន្តថា ច្រកទ្វារសម្រាប់ទិញវ៉ាក់សាំងកូវីដ១៩ យកមកកម្ពុជា មាន៣ច្រក ក្នុងនោះមានតាមរយៈខូវ៉ាក់ ច្រកទី២ តាមរយៈទំនាក់ទំនងរវាងប្រទេសនិងប្រទេស និងច្រកទី៣ តាមរយៈការចរចាជាមួយក្រុមហ៊ុនផ្ទាល់តែម្តង។ កម្ពុជាត្រូវរង់ចាំរហូតមានការទទួលស្គាល់ជាក់លាក់ដោយ អង្គការសុខភាពពិភពលោក ទើបអាចបញ្ជាទិញវ៉ាក់សាំងបានព្រោះយើងមិនអាចយកប្រជាជនកម្ពុជាទៅពិសោធន៍វ៉ាក់សាំងនោះទេ។
នៅថ្ងៃនេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានប្រកាសបន្តឧបត្ថម្ភដល់កម្មករនិយោជិត ដែលបាត់បង់ការងារធ្វើអំឡុងពេលកូវីដ១៩ រយៈពេល៣ខែទៀត ដោយរដ្ឋាភិបាលជួយ ៣០ដុល្លារ ហើយថៅកែរោងចក្រចេញ៣០ដុល្លារក្នុងម្នាក់ៗក្នុង១ខែៗ។
សម្តេចតេជោបន្តទៀតថា កម្ពុជាកំពុងត្រៀមជំនួយម៉ាស និងបរិក្ខាពេទ្យប្រឆាំងកូវីដ១៩ ដល់ប្រទេសនេប៉ាល់ ដែលជាប្រទេសលំបាក៕