ភ្នំពេញ៖ ក្រសួងសុខាភិបាល បានប្រកាសឲ្យដឹងថា ក្រសួងបន្តរកឃើញពលករខ្មែរ ដែលទើបធ្វើដំណើរត្រឡប់មកពីប្រទេសថៃ ម្នាក់ថែមទៀត ឆ្លងជំងឺកូវីដ១៩ ខណ:មិនមានអ្នកជាសះស្បើយនោះទេ។
យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី៨ មករានេះ បានឲ្យដឹងទៀតថា អ្នកឆ្លងជំងឺកូវីដ១៩ ថ្មីនេះ គឺជាស្ត្រីជនជាតិខ្មែរ អាយុ៣៣ឆ្នាំ ស្នាក់នៅភូមិស្ពានកណ្តាល ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង បានធ្វើដំណើរមកពីប្រទេសថៃ មកដល់កម្ពុជានៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២១។ បច្ចុប្បន្នអ្នកជំងឺត្រូវបានដាក់ឲ្យសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែកខេត្តបន្ទាយមានជ័យ។
សូមរំលឹកថា គិតត្រឹមព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០២១នេះ កម្ពុជាមានអ្នកឆ្លងកូវីដ១៩ សរុបចំនួន ៣៨៦នាក់ ក្នុងនោះអ្នកព្យាបាលជាសះស្បើយចំនួន ៣៦២នាក់ និងកំពុងសម្រាកព្យាបាល ២៤នាក់៕

