ភ្នំពេញ៖ នាយកដ្ឋានប្រឆាំង បទល្មើសបច្ចេកវិទ្យា បានសង្កេតឃើញ មានជនខិលខូចមួយចំនួន កំពុងតែចែកចាយតំណភ្ជាប់ តាមរយ:កម្មវិធី Telegram ដោយសន្យាថា លោកអ្នកនឹងទទួលបាន ប្រាក់កាស ដោយគ្រាន់តែអញ្ជើញ មិត្តភ័ក្តិ ឱ្យចូលរួមប្រើប្រាស់ ឬចែកចាយតំណភ្ជាប់ខាងលើ។ ប៉ុន្តែនៅពេលដែលលោកអ្នក ចុចនៅលើតំណភ្ជាប់ នោះ ពួកគេនិងស្នើសុំយកព័ត៌មាន ផ្ទាល់ខ្លួនមួយចំនួន ដូចជា ប័ណ្ណសម្គាល់ខ្លួន និងលេខគណនីជាដើម។
បើតាមការឆ្លើយតប របស់ក្រុមហ៊ុន Wing តាមរយ: សារឆ្លើយឆ្លង (Comments) គឺក្រុមហ៊ុនពុំមានប្រើប្រព័ន្ធទំនាក់ទំនង Telegram ទេ ដូច្នេះសូមលោកអ្នក កុំចុចលើតំណភ្ជាប់នោះ ហើយសូមបញ្ឈប់ការ ចែកចាយ ព័ត៌មាននេះ តាមបណ្ដាញទំនាក់ទំនង សង្គមទៀត។
នាយកដ្ឋានសូមឱ្យបងប្អូន អ្នកប្រើប្រាស់ មានការប្រុងប្រយ័ត្ន ជាមួយការបោកបញ្ឆោត មួយចំនួនមានដូចជា ការឈ្នះរង្វាន់ ការទទួលបានទំនិញផ្ញើពីបរទេស ដែលទាមទារឱ្យលោកអ្នក បង់ប្រាក់ជាមុន ឬទាមទារយកទិន្នន័យផ្ទាល់ខ្លួននោះ ព្រោះនេះគឺជាល្បិចរបស់ជនខិលខូច ដើម្បីបោកបញ្ឆោត យកប្រាក់កាសរបស់លោកអ្នក ឬយកទិន្នន័យទាំងនោះ ដើម្បីលួចចូលគណនី និងធ្វើការបោកបញ្ឆោតផ្សេងៗទៀត តែប៉ុណ្ណោះ៕