បាត់ដំបង៖ រដ្ឋមន្រ្តីក្រសួងកសិកម្ម បានចេញសេក្តីប្រកាសកំណត់តំបន់ផ្ទុះជំងឺផ្ដាសាយបក្សី ( H5N1 ) ដោយបានហាមការលក់ ទិញដូរ ការឆ្លងកាត់ដឹកជញ្ជូន នៅក្នុងតំបន់ដែលកំណត់ថាផ្ទុះជំងឺ ក្នុងរង្វង់៣គីឡូម៉ែត្រ ដូច្នេះ សត្វទា និងក្ងានដែលនៅសេសសល់ក្នុងកសិដ្ឋានស្ថិតក្នុងស្រុកឯកភ្នំ ខេត្ដបាត់ដណបង គឺត្រូវយកកម្ទេចចោលតែម្តង មិនមានយកទៅលក់នៅខាងក្រៅនោះទេ ដូច្នេះសូមប្រជាពលរដ្ឋកុំមានការព្រួយបារម្ភ ពីការបរិភាគសាច់មាន់ សាច់ទា សាច់ក្ងាន។
ក្រសួងកសិកម្ម បានអំពាវនាវប្រជាពលរដ្ឋបន្តការបរិភោគសាច់មាន់ជាធម្មតា ដោយកុំមានការព្រួយបារម្ភឡើយ ខណៈដែលក្រសួងកសិកម្ម បានចាត់វិធានការយ៉ាងហ្មត់ចត់ជាទីបំផុត ដើម្បីការពារការរីករាលដាលនៃជំងឺគ្រុនផ្តាសាយបក្សី (H5N1)។
លោក តាន់ ផាន់ណារ៉ា អគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានអំពាវនាវដល់ប្រជាពលរដ្ឋ កុំបារម្ភទៅនឹងរឿងដែលបានផ្ទុះជំងឺគ្រុនផ្តាសាយបក្សី(H5N1) នៅស្រុកឯកភ្នំ ខេត្តបាត់ដំបងថ្មីៗនេះ។
លោកបន្តថា ក្រុមការងារបានចាត់វិធានការយ៉ាងហ្មត់ចត់ ដើម្បីធានាសុវត្ថិភាពអ្នកបរិភោគ។ ឯកឧត្តមបន្តថា សត្វមាន់ ដែលងាប់ជាង១៨០០ក្បាល គឺមាន់តូចៗណាស់ គឺមិនអាចយកទៅលក់បានទេ ចំណែកម្ចាស់កសិដ្ឋានវិញក៏បានយល់ពី ការងារនេះច្បាស់ ហើយបានយកមាន់ងាប់ទាំងអស់នោះទៅកប់និងដុតកម្ទេចចោលត្រឹមត្រូវណាស់ សូមកុំបារម្ភ។
លោកបានបន្ថែមថា រដ្ឋមន្រ្តីក្រសួងកសិកម្មបានចេញសេចក្តីប្រកាសកំណត់តំបន់ផ្ទុះជំងឺ ដោយហាមការលក់ ទិញដូរ ការឆ្លងកាត់ដឹកជញ្ជូន នៅក្នុងតំបន់ដែលកំណត់ថាផ្ទុះជំងឺ ក្នុងរង្វង់៣គីឡូម៉ែត្រ ដូច្នេះការតាមដានគឺបានល្អ ដោយមន្ត្រីជំនាញ មិនមានអ្វីដែលគួរបារម្ភឡើយ។ សត្វទា និងក្ងានដែលនៅសេសសល់ក្នុងកសិដ្ឋាននោះ គឺត្រូវយកកម្ទេចចោលតែម្តង មិនមានយកទៅលក់នៅខាងក្រៅនោះទេ ដូច្នេះសូមប្រជាពលរដ្ឋកុំមានការព្រួយបារម្ភ ពីការបរិភាគសាច់មាន់ សាច់ទា សាច់ក្ងាន ព្រោះយើងនឹងចាត់វិធានការនៅថ្ងៃនេះ ដោយសារតែឥឡូវប្រកាសបានចេញមកហើយ ហើយព្រឹកមិញយើងបាន រៀបចំកម្លាំងរួចជាស្រេចរង់ចាំតែប្រកាសនេះទេ។
គូសបញ្ជាក់ផងដែរថា កសិដ្ឋានដែលមាន មាន់និងទា ងាប់និងឈឺដោយជំងឺគ្រុនផ្តាសាយបក្សី(H5N1)នោះ មានទីតាំងនៅ ភូមិព្រែកតាច្រែង ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង ដោយមានមាន់ងាប់ចំនួនជាង ១៨០០ក្បាល ចាប់ពីថ្ងៃទី៣១ធ្នូ ដល់ថ្ងៃទី៥ មករា គឺងាប់ទាំងអស់តែម្តង៕