រកឃើញ ទំនិញមានផ្ទុកសារធាតុគីមី និងហួសកាលបរិច្ឆេទ ជាង៥០គីឡូក្រាម នៅផ្សារថ្មគោល

0
10

ភ្នំពេញ៖ មន្ត្រីសាខា ក.ប.ប. ខេត្តបាត់ដំបង ដោយទទួលបានការសហការ ពីមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត និងអាជ្ញាធរដែនដី នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ បានចុះត្រួតពិនិត្យគុណភាព សុវត្ថិភាពម្ហូបអាហារ នៅផ្សារថ្មគោល និងផ្ទះលក់គ្រឿងទេស ស្ថិតក្នុង ឃុំតាពូង ស្រុកថ្មគោល ខេត្តបាត់ដំបង។

គោលដៅសំខាន់នៃការត្រួតពិនិត្យគឺដើម្បីស្រាវជ្រាវទប់ស្កាត់ការចរាចរណ៍ទំនិញខូចគុណភាព ក្លែងបន្លំស្លាកសញ្ញា ផុតកំណត់កាលបរិច្ឆេទប្រើប្រាស់ និងមានសារធាតុគីមីហាមឃាត់។

ក្នុងសកម្មភាពនេះ មន្ត្រីជំនាញបានធ្វើការ វិភាគបឋម ទៅលើគំរូម្ហូបអាហារមួយចំនួន រួមមាន៖ មឹកស្រស់ បង្គាស្រស់ ជ្រក់ស្ពៃ នំបញ្ចុក ណែមសាច់ត្រី សរសៃគុយទាវ(តូច+ធំ) ស្វាយត្រាំ និងទំពាំងបាយជូរត្រាំ ដើម្បីស្វែងរកសារធាតុគីមី ហាមឃាត់ ដែលអាចធ្វើឱ្យប៉ះពាល់ ដល់សុខភាពប្រជាពលរដ្ឋ។ ជាមួយគ្នានោះ មន្ត្រីជំនាញក៏បានធ្វើការត្រួតពិនិត្យ រកភាពមិនអនុលោម របស់ទំនិញនៅលើសម្បកវេចខ្ចប់ផងដែរ។

ជាលទ្ធផល មន្ត្រីជំនាញបានរកឃើញទំនិញ មានផ្ទុកសារធាតុគីមីហាមឃាត់ និងហួសកាលបរិច្ឆេទ ប្រើប្រាស់សរុបចំនួន ៥៣ គីឡូក្រាម មានដូចជា៖
– មឹកស្រស់ មានផ្ទុកសារធាតុគីមី Formaline ចំនួន ១៣ គីឡូក្រាម
– ហតដក ហួសកាលបរិច្ឆេទចំនួន ៧ ដុំ ស្មើនឹង ៧ គីឡូក្រាម
– ភេសជ្ជៈដប ចំនួន ១៩ ដប ស្មើនឹង ១០ គីឡូក្រាម
– ទឹកស៊ីអ៉ីវ ចំនួន ៨ ដប ស្មើនឹង ៤ គីឡូក្រាម
– ទឹកក្រូចកំប៉ុង ចំនួន ២៦ កំប៉ុង ស្មើនឹង ១៣ គីឡូក្រាម
– ទឹកជ្រលក់ ចំនួន ១២ ដប ស្មើនឹង ៦ គីឡូក្រាម

បន្ទាប់មក មន្ត្រីសាខា ក.ប.ប. បានធ្វើកំណត់ហេតុដកហូត ទំនិញទាំងនោះយកទៅរក្សាទុក ដើម្បីធ្វើការដុតកម្ទេចចោល នៅពេលក្រោយ។ ទន្ទឹមនឹងនោះមន្ត្រីជំនាញ ក៏បានធ្វើការណែនាំ ដល់អាជីវករផ្សេងទៀត ឱ្យយល់ដឹង និងអនុវត្ត ទៅតាមច្បាប់ ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញ និងសេវា ព្រមទាំងច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ ជៀសវាងបង្កផលប៉ះពាល់ ដល់សុខភាពប្រជាពលរដ្ឋ និងអាចប្រឈមចំពោះមុខ ច្បាប់ថែមទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here