បាត់ដំបង៖ អភិបាលក្រុងបាត់ដំបង អំពាវនាវដល់អាជីវករត្រូវតែមានភាពស្មោះត្រង់ចំពោះអតិថិជនរបស់ខ្លួន ដោយដាក់តាំងផលិតផលមានគុណភាពល្អ ត្រូវចេះពិនិត្យមើលកាលបរិច្ឆេទទំនិញរបស់ខ្លួនមុននឹងដាក់លក់ ចៀសវាងមានបញ្ហាផ្នែកសុខភាព ដល់អ្នកបរិភោគឬប្រើប្រាស់ ពិសេសមុនយកទំនិញមកលក់បន្តត្រូវស្គាល់ទីតាំងផលិតឲ្យច្បាស់លាស់។
លោក ផេង សិទ្ធី អភិបាលក្រុងបាត់ដំបងបានថ្លែងនៅរសៀលថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ក្នុងពេលដុតកម្ទេចទំនិញខូចគុណភាព នៅទីលានដុតសំរាមខេត្ដបាត់ដំបង ថាអ្នកទិញត្រូវយល់ឲ្យបានច្បាស់ពីផលិតផលដែលគេលក់ឲ្យ ដោយពីមុនលក់ក្នុងតម្លៃថ្លៃ តែបែរមកលក់តម្លៃទាមជាងមុនឆ្ងាយ ត្រូវសួរនាំអ្នកលក់ឲ្យបានដឹងមូលហេតុ ឬពិនិត្យកាលឌឺឡេទំនិញទាំងអស់នោះ ឲ្យបានជាក់លាក់ មុនទិញយកទៅបរិភោគ ឬប្រើប្រាស់នោះ ហើយក៏ត្រូវចេះសិក្សាស្វែងយល់ពីអាហារ ឬទំនិញប្រភេទណា ដែលអាចបរិភោគបាន តាមអ្វីដែលជំនាញបានផ្សព្វផ្សាយ និងអប់រំពន្យល់ជាបន្តបន្ទាប់នោះ។
លោកអភិបាលក្រុងក៏បានអំពាវនាវដល់ អាជីវករត្រូវតែមានភាពស្មោះត្រង់ចំពោះអតិថិជនរបស់ខ្លួន ដោយដាក់តាំងផលិតផលមានគុណភាពល្អ ត្រូវចេះពិនិត្យមើលកាលបរិច្ឆេទទំនិញរបស់ខ្លួនមុននឹងដាក់លក់ ចៀសវាងមានបញ្ហាផ្នែកសុខភាព ដល់អ្នកបរិភោគឬប្រើប្រាស់ ពិសេសមុនយកទំនិញមកលក់បន្តត្រូវស្គាល់ទីតាំងផលិតឲ្យច្បាស់លាស់។
ក្នុងនេះផងដែរ លោក ហាក់ សុខរិន ប្រធានសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំខេត្តបាត់ដំបង ក៏បានអោយដឹងថា ទំនិញទាំងអស់នេះ គឺត្រូវដកហូតបានកាលពីឆ្នាំ២០២០ ដែលមានទម្ងន់សរុបចំនួន ១៨១០គីឡូក្រាម ក្នុងនោះមានភេសជ្ជៈ ស្រា អាហារងៀត នំ និងអាហារកំប៉ុងជាដើម។
គួឲ្យដឹងផងដែរថា ទំនិញខូចគុណភាពចំនួនជិត ២០០០គីឡូក្រាម ដែលត្រូវបានស្ថាប័នការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំសាខាខេត្តបាត់ដំបង ដកហូតបានពីអាជីវករលក់ដូរតាមផ្សារ និងតាមផ្ទះ ត្រូវបានយកទៅដុតកម្ទេចោលនៅទីលានដុតសំរាមខេត្តបាត់ដំបង៕