ភ្នំពេញ៖ ក្នុងរយៈពេល ៤ឆ្នាំ គិតចាប់ពីឆ្នាំ២០១៧ ដល់ឆ្នាំ២០២០ អាជ្ញាធរខេត្តព្រះសីហនុ បានចេញលិខិតអនុញ្ញាត សាងសង់ចំនួន ១៥១៤គម្រោង លើផ្ទៃដីចំនួន ១៤ ៧៣៦ ៥៥៩ម៉ែត្រការ៉េ ដែលប្រើទុនវិនិយោគជាង ៨ពាន់លានដុល្លារ។ នេះបើតាមការបញ្ជាក់ពីលោក ឃាង ភារម្យ អ្នកនាំពាក្យសាលាខេត្តព្រះសីហនុ។
ក្នុងសន្និសីទសារព័ត៌មាន ស្តីពីវឌ្ឍនភាពមូលដ្ឋានឃុំ សង្កាត់ និងទិសដៅការងារបន្ត របស់រដ្ឋបាលខេត្តព្រះសីហនុ នៅថ្ងៃទី១៤ មករានេះ លោក ឃាង ភារម្យ បានមានប្រសាសន៍ថា ខេត្តព្រះសីហនុ មានសំណង់អគារខ្ពស់ៗមានចំនួន ៥៧៣គម្រោង។ លោកថា អាគារខ្ពស់ៗនេះ គឺគិតចាប់ពី៥ជាន់ ដល់៥៣ជាន់។
លោកបញ្ជាក់យ៉ាងដូច្នេះថា «បើតាមរបាយការណ៍ ការគ្រប់គ្រង និងអភិវឌ្ឍន៍សំណង់ យើងបានចេញលិខិតអនុញ្ញាត់សាងសង់ យើងរាប់គិតចាប់ពីឆ្នាំ២០១៧ ដល់ឆ្នាំ២០២០ គឺមានចំនួន ១៥១៤គម្រោង ដែលផ្ទៃក្រឡាសំណង់មានចំនួន ១៤ ៧៣៦ ៥៥៩ម៉ែត្រការ៉េ សរុបជាទុនវិនិយោគជាង ៨ពាន់លានដុល្លារ»។
ដោយឡែកលោក អ៊ី សុខឡេង អភិបាលក្រុងព្រះសីហនុ បានបង្ហើបពីតម្លៃទីផ្សារដី នៅក្នុងក្រុងព្រះសីហនុត្រួសៗថា ជាប្រវត្តិសាស្ត្រហើយ តម្លៃដីនៅក្រុងព្រះសីហនុ កាលពីឆ្នាំ២០១៨ និង២០១៩ ដែលនៅកន្លែងទីតាំងខ្លះ មានតម្លៃរហូតដល់ ១ម៉ឺនដុល្លារ ក្នុង១ម៉ែត្រការ៉េ ប៉ុន្តែបច្ចុប្បន្នយ៉ាងហោចណាស់ក៏តម្លៃ ៦ពាន់ដុល្លារដែរ ក្នុង១ម៉ែត្រការ៉េ។ នៅតាមបណ្ដោយឆ្នេរ ដែលជាតំបន់សំខាន់ៗ គឺមានតម្លៃមិនក្រោម ៧ពាន់ដុល្លារនោះទេ ក្នុង១ម៉ែត្រការ៉េ៕