បាត់ដំបង៖ បុរស២នាក់ដែលជាអ្នកមើលថែក្នុងកសិដ្ឋានដែលផ្ទុះជំងឺផ្ដាសាយបក្សី (H5N1) នៅចំណុចភូមិព្រែកតាច្រែង ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្ដបាត់ដំបងក្រោយពីមន្ទីរសុខាភិបាលយកសំណាកទៅពិនិត្យ មន្រ្តីសុខាភិបាលបានបញ្ជាក់ថាពួកគេមិនមានឆ្លងជំងឺនេះឡើយ។
បើយោងតាមរបាយការណ៍ របស់រដ្ឋបាលខេត្តបាត់ដំបង បានបង្ហាញនៅល្ងាចថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១នេះ បុរស២នាក់ពាក់ព័ន្ធករណីផ្ទុះឆ្លងជំងឺផ្ដាសាយបក្សី នៅចំណុចភូមិព្រែកតាច្រែង ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ទោះបីជាមនុស្សទាំង ២នាក់ មិនបានឆ្លងជំងឺនេះក៏ដោយ តែអាជ្ញាធរខេត្ត និងមន្ត្រីជំនាញ នៅបន្តដាក់តំបន់នោះ ជាទីតាំងឆ្លងជំងឺគ្រុនផ្ដាសាយបក្សី តាមប្រកាសរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយមានការហាមឃាត់ផ្សេងៗដដែល និងមិនទាន់ប្រកាសសម្រេចបែបណាថែមទៀតនោះទេ។
សូមបញ្ជាក់ថា នៅចំណុចទីតាំងដែលមានការឆ្លងជំងឺផ្ដាសាយបក្សីនេះ មានម្ចាស់ឈ្មោះ ហូ ណាម ដោយសត្វស្លាបរបស់គាត់ បានឆ្លងជំងឺនេះ ហើយបានងាប់ជាបន្តបន្ទាប់តាំងពីដើមខែមករា ឆ្នាំ២០២១ ក្នុងករណីនេះ មាន់ឆ្លងជំងឺបានងាប់អស់ចំនួនប្រមាណ ១៣០០ក្បាល ខណៈសត្វទា និងក្ងាន សរុបជាង ១៦០ក្បាល ដែលចិញ្ចឹមនៅទីតាំងជាមួយគ្នា ក៏ត្រូវបានអាជ្ញាធរខេត្ត និងមន្ត្រីជំនាញធ្វើការកម្ទេចចោល និងធ្វើការបាញ់ថ្នាំសម្លាប់មេរោគនៅជុំវិញទីតាំងផ្ទុះឆ្លងជំងឺនេះ ដើម្បីទប់ស្កាត់កុំឲ្យមានការរីករាលដាលជំងឺគ្រុនផ្ដាសាយបក្សីនេះ ទៅកាន់ទីកន្លែងផ្សេងៗទៀត តាមវិធានការរបស់ក្រសួងកសិកម្ម និងក្រសួងសុខាភិបាល។
គួរឲ្យដឹងផងដែរថា ការផ្ទុះឆ្លងជំងឺផ្ដាសាយបក្សីនៅស្រុកឯកភ្នំនេះ ត្រូវមន្ត្រីជំនាញ បានអះអាងថា នេះជាករណីដំបូង សម្រាប់ដើមឆ្នាំ២០២១នេះ ប៉ុន្តែអាជ្ញាធរខេត្ត និងមន្ត្រីជំនាញ ក៏បានអំពាវនាវទៅកាន់ទីកន្លែង ឬកសិដ្ឋានចិញ្ចឹមសត្វស្លាបផ្សេងៗទៀត នៅជុំវិញខេត្តបាត់ដំបង ត្រូវអនុវត្តនូវវិធានការបាញ់សម្លាប់មេរោគ នៅក្នុងរោងចិញ្ចឹមសត្វរបស់ខ្លួន និងចាក់វ៉ាក់សាំងឲ្យសត្វទាំង នោះ ឲ្យបានទៀងទាត តាមបច្ចេកទេសកសិកម្ម៕