កូវីដ១៩! លោក ហ៊ុន ម៉ានី អំពាវនាវពលរដ្ឋគ្រប់រូប ស្តាប់តាមការណែនាំរបស់ក្រសួងសុខាភិបាល និងអាជ្ញាធរមានសមត្ថកិច្ច

0
10

ភ្នំពេញ៖ លោក ហ៊ុន ម៉ានី អ្នកតំណាងរាស្ដ្រខេត្តកំពង់ស្ពឺ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋគ្រប់រូប មេត្តាបន្តការការពារខ្លួន កុំមានការធ្វេសប្រហែស និងស្តាប់តាមការណែនាំរបស់ក្រសួងសុខាភិបាល ក៏ដូចជាអាជ្ញាធរមានសមត្ថកិច្ច។

តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នាថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១នេះ លោក ហ៊ុន ម៉ានីបានលើកឡើងថា ដោយស្ថានភាពនៃការឆ្លងជំងឺកូវីដ ១៩ បានបន្តកើនឡើងខ្ពស់ ក្នុងចំណោមបងប្អូនពលករ ដែលធ្វើដំណើរត្រលប់មកពីប្រទេសថៃតាមព្រំដែនគោក រាជរដ្ឋាភិបាល ជាពិសេសក្រសួងសុខាភិបាល និងអាជ្ញាធរដែនដី បាននិងកំពុងខិតខំប្រឹងប្រែងគ្រប់គ្រងស្ថានការណ៍យ៉ាងម៉ឺងម៉ាត់នៅតាមខ្សែបន្ទាត់ព្រំដែន ដើម្បីធានាថា បងប្អូនដែលបានចូលមកត្រូវបានធ្វើតេស្ត៍ និងធ្វើចត្តាឡីស័កត្រឹមត្រូវ។

លោកបន្តថា ” ដើម្បីចូលរួមជាមួយកិច្ចខិតខំប្រឹងប្រែងនេះឱ្យបានទទួលជោគជ័យ ខ្ញុំសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋគ្រប់រូប មេត្តាបន្តការការពារខ្លួន កុំមានការធ្វេសប្រហែស និងស្តាប់តាមការណែនាំរបស់ក្រសួង ក៏ដូចជាអាជ្ញាធរមានសមត្ថកិច្ច។ ជាមួយគ្នានេះដែរ ខ្ញុំក៏សូមអំពាវនាវដល់អាជ្ញាធរ មេត្តាបង្កើនការយកចិត្តទុកដាក់និងបន្តផ្សព្វផ្សាយ ដល់បងប្អូននៅតាមមូលដ្ឋានពីហានិភ័យ និងវិធីការពារខ្លួនពីការឆ្លងជំងឺកូវីដ ១៩ នេះដើម្បីបញ្ចៀសបានទាំងស្រុងនូវការឆ្លងរាលដាលក្នុងសហគមន៍។ទាំងអស់គ្នា រួមគ្នា យើងនឹងឆ្លងផុតគ្រាលំបាកនេះ”។

សូមរំលឹកថា គិតត្រឹមព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១នេះ កម្ពុជារកឃើញអ្នកជំងឺកូវីដ១៩ សរុបចំនួន៤២៦នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន ៣៨១នាក់ និងអ្នកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន ៤៥នាក់៕

LEAVE A REPLY

Please enter your comment!
Please enter your name here