កសិករក្នុងស្រុកសេសាន ដែលផលិតបន្លែល្អជាងគេ នឹងទទួលបានរង្វាន់លើកទឹកចិត្ដពីអាជ្ញាធរ និងអង្គការដៃគូ

0
7

ភ្នំពេញ៖ អាជ្ញាធរស្រុកសេសានខេត្តស្ទឹងត្រែង លើកទឹកចិត្តកសិករបង្កើតសួនបន្លែជាលក្ខណៈគ្រួសារ ឱ្យបានច្រើនគ្នា ហើយគ្រួសារណាមួយអនុវត្តទៅបានល្អជាងគេ អាជ្ញាធរនិងអង្គការដៃគូនឹងមានជូនរង្វាន់លើកទឹកចិត្ត។

លោក សុវណ្ណ ពិសេដ្ឋ អភិបាលស្រុកសេសានបានថ្លែងក្នុងឱកាសចុះជួបកសិករនៅឃុំកំភុននិងឃុំសាមឃួយ  ស្រុកសេសាន ខេត្តស្ទឹងត្រែងថា អាជ្ញាធរសហការជាមួយអង្គការដៃគូ បើកឱ្យមានការប្រកួតប្រជែងគ្នាក្នុងការដាំបន្លែសរីរាង្គ ដូចនេះកសិករដែលមានផ្ទៃដីអំណោយផលល្អនិងមាន ប្រភពទឹកត្រូវបង្កើតឱ្យមានសួន បន្លែ។

លោកបន្តថា បន្លែដាំដុះប្រើជីធម្មជាតិ កំពុងទទួលបានការគាំទ្រពីទីផ្សារនៅក្នុងខេត្ត ដូចនេះបងប្អូនយើង ដែលសល់ពេលទំនេរពីស្រែចម្ការ ត្រូវដាំបន្លែបន្ថែមទៀត ក្នុងពេលដែលរាជ រដ្ឋាភិបាលកំពុងលើកកម្ពស់វិស័យកសិកម្មនិងការចិញ្ចឹមសត្វ -ចិញ្ខឹមត្រីផងដែរ។

លោកស្រី ស៊ីន ចិន្តា កសិករដាំម្ទេស នៅឃុំកំភុនបានគាំទ្រចំពោះការក្រើនរំលឹកនេះព្រោះនៅតាមតំបន់ជួរដងទន្លេសេសាន ផ្ទៃដីអំណោយផលល្អ ទៅលើការដាំដុះបន្លែ ហើយទឹកក៏មានគ្រប់គ្រាន់។

លោកស្រីបន្តថា បច្ចុប្បន្នមានកសិករមួយចំនួនបានបង្កើនការផលិតបន្លែបានជាប្រចាំក្នុងនោះ មានបន្លែស្លឹកចំនួន១០មុខ និងបន្លែផ្លែចំនួន១២មុខដូចជា ស្ពៃគ្រប់មុខ សាឡាដ៍ ខាត់ណា ត្រកួន ស្លឹកកគ្រៃ ម្ទេស សណ្តែក ននោង ត្រសក់ ត្រប់ ត្រឡាច ម្រះ ពោត ល្ហុង ពោតបារាំង ប៉េងប៉ោះជាដើម។

លោកឃីម ប៊ុនឡត កសិករគំរូដាំបន្លែប៉េងប៉ោះនៅឃុំសាមឃួយ បានបញ្ជាក់ថា បន្លែសរីរាង្គដែលកសិករផលិតបាននេះ មានអតិថិជន និយមទិញទៅបរិភោគច្រើន ទាំងនៅតាមភូមិនិងនៅទីផ្សារ ។

លោកបន្ថែមថា នេះជាការយល់ដឹង របស់បងប្អូនប្រជាពលរដ្ឋយើង ដើម្បីលើកកម្ពស់សុខភាព និងបញ្ចៀសគ្រោះថ្នាក់ដែលបណ្តាលមកពីការទទួលទានបន្លែមានកាកសំណល់ថ្នាំពុលកសិកម្មហួសកំរិត។

គួរឲ្យដឹងផងដែរថា នៅខេត្តស្ទឹងត្រែងមានកសិករជាង៦០ក្រុម កំពុងផលិតបន្លែសរីរាង្គនាំយកមកផ្គត់ផ្គង់នៅទីផ្សារស្ទឹងត្រែង ក៏ប៉ុន្តែការផ្គត់ផ្គង់នេះមិនទាន់បានឆ្លើយតបទៅនឹងតម្រូវការទីផ្សារនៅឡើយទេ ទើបអាជ្ញាធរស្រុកសេសានបំផុសឱ្យបងប្អូនកសិករបង្កើនផែនការដាំដុះបន្ថែមទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here