ភ្នំពេញ៖ លោក ហឿ ស៊ីយ៉ែម ប្រធានក្រុមប្រឹក្សា ខេត្តក្រចេះបានជំរុញដល់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បន្តសហការ ផ្តល់ បច្ចេកទេសជួយដល់ប្រជាកសិកររហូតដល់ការប្រមូលផលបានចប់សព្វគ្រប់ និងបន្តជំរុញ ការបង្កបង្កើនផលដាំដំណាំរួមផ្សំផ្សេងៗ ដល់ប្រជាកសិករផងដែរ។
លោក ហឿ ស៊ីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្តបានថ្លែងការលើកទឹកចិត្តកសិករក្នុងការអញ្ជើញចុះពិនិត្យដំណាំស្រូវប្រាំង ដែលបានស្តារឡើងវិញក្រោយទឹកជំនន់ នៅសង្កាត់អូរឫស្សី ក្រុងក្រចេះនៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ ឱ្យពួកគាត់ខិតខំ បង្កបង្កើនផល និងថែទាំដំណាំស្រូវប្រាំងដែលកំពុងតែឱ្យផលបានល្អ។
ក្នុងឱកាសនេះលោក ឈឺន រិទ្ធ ចៅសង្កាត់អូរប្ញស្សី ក្រុងក្រចេះក៏បានបញ្ជាក់ថា សង្កាត់អូរប្ញស្សី មានផ្ទៃដីស្រូវរដូវប្រាំងសរុបចំនួន ២១៤ ហិកតា ក្នុងនោះផ្ទៃដីជាង៥៧ហិកតា ដែលខូចខាត ដោយទឹកជំនន់ទន្លេមេគង្គ ត្រូវបានស្តារឡើងដោយជំនួយស្រូវពូជពីរាជរដ្ឋាភិបាល។
គួរឲ្យដឹងផងដែរថា កាលពីខែតុលា ឆ្នាំ២០២០ កន្លងទៅ ទឹកជំនន់ទន្លេមេគង្គបានបង្កឱ្យប៉ះពាល់ ដល់ផ្ទៃដីស្រូវរដូវប្រាំងនៅខេត្តក្រចេះប្រមាណ ២២៧៥ហិកតា និងខូចខាតទាំងស្រុង១៧០៤ ហិកតា ដែលត្រូវបានស្តារឡើងវិញដោយជំនួយផ្នែកពូជស្រូវពីរាជរដ្ឋាភិបាលកម្ពុជា៕