រកឃើញ ឡេលាបស្បែក និងសាប៊ូកក់សក់ ហួសកាលបរិច្ឆេទប្រើប្រាស់ ដាក់លក់នៅផ្សារសាមគ្គីប៉ៃលិន

0
9

ភ្នំពេញ៖ មន្ត្រីសាខា ក.ប.ប. ខេត្តប៉ៃលិន ដោយទទួលបានការសហការពី មន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត និងអាជ្ញាធរដែនដី កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ បានចុះផ្សព្វ ផ្សាយអំពីគុណភាព សុវត្ថិភាព ម្ហូបអាហារ និងធ្វើការត្រួតពិនិត្យទំនិញដែលជាគ្រឿងឧបភោគ បរិភោគ នៅផ្សារសាមគ្គីប៉ៃលិន ក្នុងខេត្តប៉ៃលិន។

គោលដៅសំខាន់នៃការត្រួតពិនិត្យគឺដើម្បីស្រាវជ្រាវទប់ស្កាត់ការចរាចរណ៍ទំនិញខូចគុណភាព ក្លែងបន្លំស្លាកសញ្ញា ផុតកំណត់កាលបរិច្ឆេទប្រើប្រាស់ និងមានសារធាតុគីមីហាមឃាត់។

ក្នុងសកម្មភាពនេះ មន្ត្រីជំនាញបានធ្វើការវិភាគបឋមទៅលើគំរូម្ហូបអាហារមួយចំនួនរួមមាន៖ មឹក បង្គាស្រស់ សរសៃមី សរសៃគុយទាវ ប្រហិតសាច់គោ ប្រហិតសាច់ជ្រូក ត្រីងៀត ណែម ពពុះសណ្តែក ជ្រក់ស្ពៃ និងស្លឹកគ្រៃហាន់ ដើម្បីស្វែងរកសារធាតុគីមីហាមឃាត់ ដែលអាចធ្វើឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ។ ជាមួយគ្នានោះ មន្ត្រីជំនាញក៏បានធ្វើការត្រួតពិនិត្យរកភាពមិនអនុលោមរបស់ទំនិញនៅលើសម្បកវេចខ្ចប់ផងដែរ។

ជាលទ្ធផល មន្ត្រីជំនាញបានរកឃើញ ទំនិញហួសកាលបរិច្ឆេទប្រើប្រាស់ មួយចំនួន ដូចជា៖
⁃ ឡេលាបស្បែក ចំនួន ៥ ដប ស្មើនឹង ១.៥៦គីឡូក្រាម
⁃ សាប៊ូកក់សក់ ចំនួន ៧ ដប ស្មើនឹង ២.៣០លីត្រ

បន្ទាប់មក មន្ត្រីសាខា ក.ប.ប. បានធ្វើកំណត់ហេតុដកហូត ទំនិញទាំងនោះយកទៅរក្សាទុក ដើម្បីធ្វើការដុតកម្ទេចចោលនៅពេលក្រោយ។ ទន្ទឹមនឹងនោះមន្ត្រីជំនាញក៏បានធ្វើការណែនាំដល់អាជីវករផ្សេងទៀត ឱ្យយល់ដឹង និងអនុវត្តទៅតាមច្បាប់ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញ និងសេវា ព្រមទាំងច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ ជៀសវាងបង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ និងអាចប្រឈមចំពោះមុខច្បាប់ថែមទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here