ភ្នំពេញ៖ មន្ត្រីសាខា ក.ប.ប. ខេត្តព្រះវិហារ ដោយទទួលបានការសហការពី មន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត និងអាជ្ញាធរដែនដី កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១ បានចុះផ្សព្វផ្សាយអំពីគុណភាព សុវត្ថិភាព ម្ហូបអាហារ និងធ្វើការត្រួតពិនិត្យទំនិញ ដែលជាគ្រឿងឧបភោគ បរិភោគ នៅតាមផ្ទះលក់ទំនិញ និងផ្សារ ក្នុងឃុំស្រយង់ ស្រុកគូលេន ខេត្តព្រះវិហារ។
គោលដៅសំខាន់នៃការត្រួតពិនិត្យ គឺដើម្បីស្រាវជ្រាវទប់ស្កាត់ ការចរាចរណ៍ទំនិញខូចគុណភាព ក្លែងបន្លំស្លាកសញ្ញា ផុតកំណត់កាលបរិច្ឆេទប្រើប្រាស់ និងមានសារធាតុគីមីហាមឃាត់។
ក្នុងសកម្មភាពនេះ មន្ត្រីជំនាញបានធ្វើការវិភាគបឋមទៅលើគំរូម្ហូបអាហារ មួយចំនួន ដើម្បីស្វែងរកសារធាតុគីមីហាមឃាត់ ដែលអាចធ្វើឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ។ ជាមួយគ្នានោះ មន្ត្រីជំនាញក៏បានធ្វើការត្រួតពិនិត្យ រកភាពមិនអនុលោមរបស់ទំនិញ នៅលើសម្បកវេចខ្ចប់ផងដែរ។
ជាលទ្ធផល មន្ត្រីជំនាញបានរកឃើញ ទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់ ចំនួន ៣៣.៣៨គីឡូក្រាម មានដូចជា៖
– ភេសជ្ជៈដប ចំនួន ២៤ដប ស្មើនឹង ៨.៥០លីត្រ
– ភេសជ្ជៈកំប៉ុង ចំនួន ៩កំប៉ុង ស្មើនឹង ២.៩៧លីត្រ
– កាហ្វេ ចំនួន ១កញ្ចប់ ធំ ស្មើនឹង ១គីឡូក្រាម
– ទឹកដោះគោកញ្ចប់ ចំនួន ៨ កញ្ចប់ ស្មើនឹង ១.៦លីត្រ
– ស្រាបៀរ ចម្រុះ ចំនួន ៧កំប៉ុង ស្មើនឹង ២.៣១លីត្រ
– សាប៊ូទឹក ចំនួន ៦ដប ស្មើនឹង ២.៤០លីត្រ
– ទឹកដោះគោជូរ ចំនួន ២៤ដប ស្មើនឹង ៧.២០លីត្រ
– មីឡូ ចំនួន ៤ដប ស្មើនឹង ១.៦០លីត្រ
– ទឹកស៊ីរ៉ូ ចំនួន ៤ដប ស្មើនឹង ២.៨០លីត្រ
– មីចម្រុះ ចំនួន ៥០កញ្ចប់ ស្មើនឹង ៣គីឡូក្រាម។
បន្ទាប់មក មន្ត្រីសាខា ក.ប.ប. បានធ្វើកំណត់ហេតុដកហូត ទំនិញទាំងនោះយកទៅរក្សាទុក ដើម្បីធ្វើការដុតកម្ទេចចោលនៅពេលក្រោយ។ ទន្ទឹមនឹងនោះមន្ត្រីជំនាញក៏ បានធ្វើការណែនាំដល់អាជីវករផ្សេងទៀត ឱ្យយល់ដឹង និងអនុវត្តទៅតាមច្បាប់ស្តីពី ការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញ និងសេវា ព្រមទាំងច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ ជៀសវាងបង្កផលប៉ះពាល់ ដល់សុខភាពប្រជាពលរដ្ឋ និងអាចប្រឈមចំពោះមុខច្បាប់ថែមទៀត៕