មន្ត្រីជំនាញរកឃើញ ទំនិញមានផ្ទុកសារធាតុគីមីហាមឃាត់ និងខូចគុណភាព នៅផ្សារថ្មី និងតាមបណ្តាផ្ទះក្នុងក្រុងស្ទឹងត្រែង

0
6

ភ្នំពេញ៖ មន្ត្រីសាខា ក.ប.ប. ខេត្តស្ទឹងត្រែង ដោយមានការសហការពី មន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត និងអាជ្ញាធរដែនដី នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ បានចុះផ្សព្វ ផ្សាយអំពីសុវត្ថិភាពម្ហូបអាហារ និងត្រួតពិនិត្យគុណភាព សុវត្ថិភាព លើផលិតផលម្ហូបអាហារ នៅផ្សារថ្មី និងតាមបណ្តាផ្ទះលក់បោះដុំ ស្ថិតក្នុងសង្កាត់ស្រះឬស្សី ក្រុងស្ទឹងត្រែង។

ក្នុងសកម្មភាពនេះ មន្ត្រីជំនាញបានការធ្វើវិភាគបឋមទៅលើគំរូម្ហូបអាហារមួយចំនួន ដើម្បីស្វែងរកសារធាតុគីមីហាមឃាត់ ដែលអាចធ្វើឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ។ ជាមួយគ្នានោះ មន្ត្រីជំនាញក៏បានធ្វើការត្រួតពិនិត្យរកភាពមិនអនុលោមរបស់ទំនិញនៅលើសម្បកវេចខ្ចប់ផងដែរ។

ជាលទ្ធផលមន្ត្រីជំនាញ បានរកឃើញទំនិញមានផ្ទុកសារធាតុគីមីហាមឃាត់ និងខូចគុណភាព ប្រមាណ ៥៣.៦០គីឡូក្រាម រួមមាន៖
– ពពុះសណ្កែក មានសារធាតុគីមីហាមឃាត់ បូរ៉ាក់ (Borax) ចំនួន ៧.២គីឡូក្រាម
– ទឹកផ្លែឈើ ខូចគុណភាព ចំនួន ៧កំប៉ុង ស្មើនឹង ២.៤គីឡូក្រាម
– ស្ករគ្រាប់ដូង ខូចគុណភាព ចំនួន ២កេស ស្មើនឹង ២៨គីឡូក្រាម
– នំកញ្ចប់ក្មេង ខូចគុណភាព ចំនួន ២កេស ស្មើនឹង ១៣គីឡូក្រាម
– ទឹកសៀង ខូចគុណភាព ចំនួន ៦ដប ស្មើនឹង ៣គីឡូក្រាម។

បន្ទាប់មក មន្ត្រីជំនាញបានធ្វើកំណត់ហេតុដកហូត ទំនិញទាំងនោះយកទៅរក្សាទុក ដើម្បីធ្វើការដុតកម្ទេចចោលនៅពេលក្រោយ។ ទន្ទឹមនឹងនោះមន្ត្រីជំនាញ បានធ្វើការណែនាំដល់អាជីវករ ឱ្យយល់ដឹង និងអនុវត្តទៅតាមច្បាប់ ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផលទំនិញ និងសេវា ជៀសវាងបង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ និងអាចប្រឈមចំពោះមុខច្បាប់ថែមទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here