ភ្នំពេញ៖ អង្គការសមាគមអភិរក្សសត្វព្រៃប្រចាំកម្ពុជា (WCS) និង នាយកដ្ឋានអភិរក្សជលផលនៃរដ្ឋបាលជលផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សហការជាមួយឧទ្យានសត្វព្រៃសឹង្ហបុរី (Wildlife Reserves Singapore-WRS) នៅថ្ងៃទី ២៨ ខែមករា ឆ្នាំ ២០២១បានលែង អណ្តើកហ្លួង ឬអណ្តើកសរសៃ ចំនួន ១០ក្បាល ដែលជាប្រភេទជិតផុតពូជបំផុត ចូលក្នុងប្រព័ន្ធព្រែកស្រែអំបិល ស្ថិតក្នុងឃុំចំការហ្លួង ស្រុកកំពុងសីលា ខេត្តព្រះសីហនុ។
ការលែងអណ្តើកហ្លួងនេះ គឺជាលទ្ធផលនៃកិច្ចប្រឹងប្រែងរយៈពេលជិតពីរទសវត្សរ៍ក្នុងការការពារសំបុកអណ្តើក ការយកចិត្តទុកដាក់មើលថែទាំកូនអណ្តើកទាំងអស់នៅក្នុងមជ្ឈមណ្ឌលអភិរក្សសត្វល្មូនកោះកុង និងការការពារសត្វអណ្តើកនៅក្នុងសហគមន៍តាមដងព្រែកស្រែអំបិល ដែលគាំទ្រដោយ WRS និងដៃគូមួយចំនួនទៀត។
នេះគឺជាការលែងអណ្តើកហ្លួងលើកទីប្រាំចូលក្នុងប្រព័ន្ធព្រែកស្រែអំបិល បន្ទាប់ពីការលែងលើកទី១ក្នុងឆ្នាំ ២០១៥ លើកទី២ក្នុងឆ្នាំ ២០១៧ លើកទី៣ក្នុងឆ្នាំ ២០១៩ និងលើកទី៤ ក្នុងឆ្នាំ២០២០ ដែលសរុបទាំងប្រាំលើក មានចំនួន ៩៦ក្បាល។
ពិធីលែងនេះ បានរៀបចំធ្វើឡើងក្រោមគម្រោងមួយដែលគាំទ្ររួមគ្នាដោយសហភាពអឺរ៉ុប(EU), ឧទ្យានសត្វព្រៃWRS, Rainforest Trust, US Forest Service និង Turtle Survival Alliance ហើយដែលគម្រោង នេះអនុវត្តដោយអង្គការ WCS ប្រចាំកម្ពុជា សហការជាមួយរដ្ឋបាលជលផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ៕