ភ្នំពេញ៖ លោក នេត ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថានបានឲ្យដឹងថា នៅកម្ពុជា សត្វផ្សោតទឹកសាបមានប្រមាណជាង ៧០ ក្បាលប៉ុណ្ណោះ។
តាមរយៈហ្វេសប៊ុក នាថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១នេះ លោក នេត ភក្ត្រា លើកឡើងថា “សត្វផ្សោតនៅអន្លង់ឈើទាល ទន្លេមេគង្គ ក្នុងឃុំព្រះរំកិល ស្រុកបូរីអូរស្វាយ ខេត្តស្ទឹងត្រែង ជាប់ព្រំប្រទល់រវាងព្រះរាជាណាចក្រកម្ពុជា និងប្រទេសឡាវ។ សត្វផ្សោតនៅអន្លង់នេះមានចំនួន៣ក្បាល ហើយពិតជាសំណាងណាស់ដែលសត្វផ្សោតមួយក្បាលនេះបានបង្ហាញខ្លួន និងហែលលេងឆ្វែលក្បែរទូក បង្ហាញឱ្យខ្ញុំនិងក្រុមការងារបានឃើញ។ នៅកម្ពុជា សត្វផ្សោតទឹកសាបមានប្រមាណជាង ៧០ ក្បាលប៉ុណ្ណោះ”។
ជាមួយគ្នានោះដែរ លោក នេត ភក្ត្រា ក៏បានអំពាវនាវសូមជួយថែរក្សាអភិរក្ស កុំនេសាទដាក់មង ឬឆក់ក្នុងទីតាំងដែលវារស់នៅ។ កម្ពុជាយើងមានជីវៈចម្រុះសម្បូណ៌បែប សូមជួយថែរក្សា! កុំឱ្យបាត់បង់ផុតពូជ បាននាំគ្នានឹកស្រណោះស្តាយ៕