ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង បានណែនាំអភិបាលរាជធានីខេត្ត ឱ្យប្រុងប្រយ័ត្ន និងចាត់វិធានការ ទប់ស្កាត់ និងបង្ការការនាំចូលវីរុសកូវីដ-១៩ តាមច្រកព្រំដែនកម្ពុជា-វៀតណាម។
យោងតាមសេចក្ដីណែនាំរបស់លោក ម៉ម ប៊ុនហេង ជម្រាបជូនអភិបាលនៃគណអភិបាលរាជធានី-ខេត្ត នៅថ្ងៃទី៤ ខែកុម្ភៈឆ្នាំ២០២១នេះបានឲ្យដឹងថា ដោយផ្អែកតាមប្រភពព័ត៌មាន ពីគេហទំព័រ របស់ប្រទេសវៀតបានបញ្ជាក់ថា ថ្មីៗនេះវៀតណាម បាននិងកំពុងមានការផ្ទុះឡើងវិញនូវ ការចម្លងនៃវីរុសកូវីដ-១៩ នៅក្នុងសហគមន៍ ដែលក្នុងនោះមានការចម្លងនៃវីរុសកូវីដ-១៩ បម្លែងថ្មីពីចក្រភពអង់គ្លេសផងដែរ។
ក្នុងសេចក្ដីណែនាំដដែលបន្ថែមថា ចាប់តាំងពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ មកដល់ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ វៀតណាម បានរកឃើញករណីវិជ្ជមាននៅតាមបណ្ដា ខេត្តមួយចំនួនដូចជា ខេត្តប៉ៃដុង (Hai Duong) ខេត្តក្វាងនិញ (Quang Ninh) ទីក្រុងហាណូយ (Hano) ខេត្តហៃឡៃ (Ga Lai) បាកណិញ (Bac Ninh) ខេត្តហូវបិញ (Hoa Birth)) ឋិញដុង (Binh Duong) ទីក្រុងហូជីមិញ (Ho Chi Minh Cty) ហៃហ្វូង (Hai Phong) និងប៊ិកយ៉ាង (Bac Giang) ដែលខេត្តខ្លះ ក៏មានព្រំប្រទល់នៅជិតកម្ពុជាដែរ។ ដូច្នេះ លោករដ្ឋមន្ត្រីបានស្នើអភិបាលនៃគណៈអភិបាលរាជធានី-ខេត្ត ទាំងអស់ ជាពិសេសខេត្តដែលមាន ព្រំដែនជាប់ប្រទេសវៀតណាម ដូចជា ខេត្តកំពត តាកែវ កណ្ដាល ព្រៃវែង ស្វាយរៀង ត្បូងឃ្មុំ ក្រចេះ មណ្ឌលគិរី និងរតនគិរី ត្រូវតែ បង្កើនការប្រុងប្រយ័ត្ន និងចាត់វិធានការ៕