ឥណ្ឌាលក់វ៉ាក់សាំងកូវីដ១៩ មកឲ្យកម្ពុជា១០ម៉ឺនដូសតិចពេក សម្ដេចតេជោ ហ៊ុន សែន បញ្ជាឲ្យភាគីពាក់ព័ន្ធបើកការចរចាស្នើទិញបន្ថែម

0
9

ភ្នំពេញ៖ ក្រោយពេលប្រទេសឥណ្ឌាប្រកាសលក់វ៉ាក់សាំងកូវីដ១៩មកឲ្យកម្ពុជាចំនួន១០ម៉ឺនដូសសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាបានថ្លែងថានេះជាចំនួនមួយតិចពេកនិងបញ្ជាឲ្យភាគីពាក់់ព័ន្ធ បើកការចរចាសុំទិញវ៉ាក់សាំង កូវីដ១៩ ចំនួនចាប់ពី១លានដូស ទៅដល់៤លានដូស។

ក្នុងសន្និសីទសារព័ត៌មាន ទទួលវ៉ាក់សាំងការពារកូវីដ-១៩ ដែលជាជំនួយរបស់រដ្ឋាភិបាលចិន នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នារសៀលថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន បានធ្វើលិខិតទៅ        នាយករដ្ឋមន្ដ្រីឥណ្ឌា ដើម្បីស្នើសុំជួយផ្គត់ផ្គង់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ហើយមិត្តឥណ្ឌាក៏បានខិតខំចែករំលែកមកដល់កម្ពុជាចំនួន១០ម៉ឺនដូស ទាំងនេះគឺជាការផ្គត់ផ្គង់របៀបលក់ជូនមកកម្ពុជា។

សម្ដេចតេជោ មានប្រសាសន៍ថា «ខ្ញុំបានណែនាំឲ្យ រដ្ឋមន្ដ្រីក្រសួងសុខាភិបាល ណែនាំក្រុមលទ្ធកម្មវ៉ាក់សាំងរបស់យើងថា ត្រូវចាប់ផ្ដើមចរចាជាមួយឥណ្ឌា ១០ម៉ឺនដូសវាតិចណាស់សម្រាប់កម្ពុជា។ ចឹងដោយសារ ឥណ្ឌាប្រើប្រាស់បច្ចេក ទេសរបស់អង់គ្លេសដែលផលិតវ៉ាក់សាំង អេស្ត្រាសេនីកាល។ ដូច្នេះ ខ្ញុំបានបញ្ជាក់ថា ឲ្យចរចាជាមួយប្រទេសឥណ្ឌា សូមចាប់ទិញពី១លានដូសឡើងទៅ ក្នុងរង្វង់ពី១លានដូស ទៅ៤លានដូស ពីឥណ្ឌា»។ឆ្លើយតបទៅនឹង បងប្អូន អ្នកសារព័ត៌មាន ពីចំនួនវ៉ាក់សាំងដែលត្រូវប្រើ និងប្រភពនៃវ៉ាក់សាំង គឺសម្ដេចតេជោ មានបំណងផ្ដល់ជូនប្រជាពលរដ្ឋចំនួន៨០% នៃប្រជាពលរដ្ឋសរុប ដែលស្មើនឹងចំនួន១៣លាននាក់ ត្រូវការវ៉ាក់សាំងប្រមាណ២៦លានដូស។ តែបន្ទាប់ឆ្លងកាត់ការពិភាក្សាជាប់ជាប្រចាំជាមួយគណ:កម្មការកូវ៉ាក់ គឺខាងកូវ៉ាក់ថាគួរផ្ដល់ត្រឹម ៦០% ទៅ ៧០% ឬសម្រាប់តែ១០លាននាក់បានហើយ តែចំពោះសម្ដេចតេជោ បានបញ្ជាក់ថា សម្ដេចនៅតែចង់ផ្ដល់ជូនប្រជាពលរដ្ឋអោយបានចំនួន៨០% នៃប្រជាពលរដ្ឋសរុប។

សម្ដេចតេជោ បានលើកឡើងថា តាមការប្រមើលមើលរបស់សម្ដេច ប្រភពច្បាស់លាស់នៃវ៉ាក់សាំងគឺចិន ដែលនៅតែប្រភពយុទ្ធសាស្ត្រ ដោយសារ ចិនគឺមានការងាយស្រួលដឹកជញ្ជូន និងសីតុណ្ហភាពក៏ងាយស្រួលក្នុងការរក្សាទុក(ដែលចន្លោះតែពី ៦ ដល់ ៨ អង្សា)។

ប្រភពមួយទៀត គឺគណ:កម្មការកូវ៉ាក់ របស់អង្គការសុខភាពពិភពលោក នឹងផ្ដល់វ៉ាក់សាំងសម្រាប់ចំនួនប្រជាជន ២០% នៃប្រជាជនសរុប ស្មើនឹង ៣,៥ លាននាក់ ឬស្មើនឹង៧លានដូស ។ ដែលនេះជាច្រកទ្វាមួយ ទៀត ហើយតាមព័ត៌មាន គឺកូវ៉ាក់មានវ៉ាក់សាំងក្នុងដៃរួចហើយ។

ប្រភពមួយផ្នែកទៀតគឺទទួលបានពីប្រទេសអូស្ត្រាលី ដែលមាន៣ លានដូស ដូច្នេះតាមទិន្នន័យវ៉ាក់សាំងពីប្រភពទាំង៣នេះ ទទួលបានវ៉ាក់សាំងសរុប១១លានដូស ( ដែលនៅថ្ងៃនេះគឺយើងទទួលបាន៦០ម៉ឺនដូស ពីមិត្តចិន)។ ដូច្នេះ បើតម្រូវការ២០លានដូស សម្រាប់១០លាននាក់គឺយើងត្រូវការ៩លានដូសបន្ថែម តែបើយើងប្រើសម្រាប់១៣លាននាក់ គឺយើងនៅខ្វះ១៥លានដូស។

ប្រភពមួយទៀត ដែលសម្ដេចតេជោ បានលើកឡើង យើងអាចទិញវ៉ាក់សាំងពីថៃ(អេស្ត្រាសេនីកាល) ដែលប្រទេសថៃនឹងផលិតនៅខែឧសភា ខាងមុខនេះ បើដូច្នេះគឺងាយស្រួល ជិតយើងស្រាប់។ ហើយចំពោះតម្លៃវ៉ាក់សាំងនេះគឺ តម្លៃប្រមាណតែ $៤ ក្នុងមួយដូសចឹង យើងចំណាយតែ ៤០លានដុល្លារ សម្រាប់១០លានដូស ដែលចំនួននេះគឺយើងអាចប្រើថវិកាសប្បុរសធម៌បាន។

ជាថ្មីម្ដងទៀត សម្ដេចតេជោ នៅតែអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋមានការប្រុងប្រយ័ត្ន អនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលជាប់ជាប្រចាំ និងសូមជូនពរបងប្អូនប្រជាពលរដ្ឋទាំងអស់ជួបតែសេចក្តីសុខ សេចក្តីចម្រើនគ្រប់ៗគ្នា៕

LEAVE A REPLY

Please enter your comment!
Please enter your name here