ភ្នំពេញ៖ ស្ថានទូតខ្មែរនៅវៀតណាមបានជូនដំណឹងដល់ប្រជាពលរដ្ឋខ្មែរ សិស្សនិស្សិតសិក្ខាកាមយោធា នគរបាលថា អាជ្ញាធរក្រុងហាណូយចេញប្រកាស ពិន័យតឹងរឹងចំពោះអ្នករំលោភវិធានការការពារកូវីដ១៩ អាចប្រឈមនឹងការជាប់ពន្ធនាគារ១២ឆ្នាំនិងការពិន័យធ្ងន់ធ្ងរមួយចំនួនផ្សេងទៀតផងដែរ។
យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ទូតខ្មែរ នៅថ្ងៃទី៨ កុម្ភៈ បានឲ្យដឹងថា អាជ្ញាធរក្រុងហាណូយ បានចេញវិធានការពិន័យតឹងរឹង ចំពោះអ្នករំលោភនីតិវិធី Covid-19 ដែលមានខ្លឹមសារដូចតទៅ៖
-អ្នករំលោភវិធានការពារ Covid-19 អាចប្រឈមនឹងការជាប់ទោសពន្ធធនាគារ ១២ឆ្នាំ
-អ្នកមិនធ្វើសេចក្តីប្រកាសសុខភាព ឬធ្វើប្រកាសសុខភាពក្លែងក្លាយ ឬមិនប្រកាស ពីស្ថានភាពសុខភាព របស់ខ្លួនដោយពេញលេញ នឹងត្រូវពិន័យរហូតដល់ ១០០លានដុង (៤៣៥០ ដុល្លារ )
-អ្នកមិនពាក់ម៉ាស់នៅទីសាធារណៈ, លើមធ្យោបាយដឹកជញ្ជូនសាធារណៈ ឬមិនរក្សាគម្លាតដើម្បីការពារ ការឆ្លង នឹងត្រូវពិន័យ ៣ លានដុង (១៣០$)
-អ្នកបោះចោលម៉ាស់មិនត្រឹមត្រូវនឹងពិន័យ ពី ៥ ទៅ ៧ លានដុង (២១៧$- ៣០៥$) – អ្នកឆ្លងជំងឺCovid-19 ឬដឹងថាមានអ្នកឆ្លងតែលាក់មិនរាយការណ៍នឹងត្រូវពិន័យ ២០ លានដុង – អ្នកខកខានមិនអនុវត្តបទបញ្ជាស្តីពីការស៊ើបអង្កេត, ការត្រួតពិនិត្យ និងការព្យាបាលតាមវេជ្ជសាស្ត្រ នៅមុនចូល និងចេញពីទីតាំងផ្ទះ Covid-19 នឹងត្រូវពិន័យ ៣០ លានដុង
-អ្នករត់ចេញពីកន្លែងចត្តាឡីស័ក និងខកខានមិនអនុវត្តតាម វិធានចត្តាឡីស័កនឹងត្រូវពិន័យរហូត ដល់២០ លានដុង ឬនឹងមានវិធានការណ៍តាមមាត្រា២៤០ នៃក្រមព្រហ្មទណ្ឌ ប្រសិនបានចម្លង មេរោគទៅជនដទៃ។
ឆ្លៀតឱកាសនេះ ស្ថានទូតក៏បានជូនពរដល់បណ្តានិស្សិត សិក្ខាកាមយោធា-នគរបាល និងបងប្អូន ប្រជាពលរដ្ឋខ្មែរមានវត្តមានក្នុងវៀតណាម ក្នុងឱកាសគ្រឹះស្ថានសិក្សាឈប់ សម្រាកបុណ្យចូលឆ្នាំប្រពៃណី វៀតណាម សូមទទួលបានការសប្បាយរីករាយ សុខភាពល្អ រក្សាសាមគ្គីភាពជួយគ្នាទៅវិញទៅមក និងជាពិសេសមេត្តាបន្តយកចិត្តទុកដាក់ថែរក្សា និងការពារសុខភាពឲ្យបានហ្មត់ចត់៕