មានសុភមង្គលក្នុងជីវិត ជារឿងដែលមនុស្សគ្រប់គ្នាចង់បាន តែមនុស្សជាច្រើនមិនអាចរកឃើញសុភមង្គលបានទាំងក្នុងជីវិត សិក្សា ការងារ អាជីវកម្ម និងជីវិតគ្រួសារ។
តាមពិតទៅ សុភមង្គល មិនមែនសម្រាប់ស្វែងរកនោះទេ គឺវាទាមទារឱ្យខ្លួនយើងម្នាក់ៗត្រូវបង្កើតវាដោយខ្លួនឯង ហើយការរៀបចំខ្លួនឱ្យមានសុភមង្គលក៏ត្រូវមានវិធីសាស្ត្រឆ្លាតវៃមួយចំនួនសម្រាប់អនុវត្ត។
លោក សោម សម្បត្តិ អគ្គនាយកក្រុមហ៊ុនថ្នាំពណ៌ជាតិ Cam-Paint បានថ្លែងនៅក្នុងសិក្ខាសាលាស្តីពី «អាថ៌កំបាំងកសាងគ្រួសារដ៏មានសុភមង្គល» ថា សុភមង្គល ជាភាសាអង់គ្លេសថា Happiness គឺមានន័យថាលើពីការសប្បាយ។
មនុស្សគ្រប់គ្នាសុទ្ធតែមានបំណងចង់បានសុភមង្គល ហើយសុទ្ធតែអាចបង្កើតសុភមង្គលបានសម្រាប់ខ្លួនឯង គ្រាន់តែមិនទាន់ដឹងពីវិធីដើម្បីទទួលបានសុភមង្គលតែប៉ុណ្ណោះ។ ដើម្បីទទួលបានសុភមង្គលក្នុងជីវិត យើងត្រូវសន្សំ ៤យ៉ាង គឺសន្សំចំណេះដឹង សន្សំពេលវេលា សន្សំសុខភាព និងសន្សំលុយ។
លោក សោម សម្បត្តិ បាននិយាយថា៖ «ចំណេះដឹងសំខាន់ណាស់សម្រាប់មនុស្ស ព្រោះថាជីវិតអាចជោគជ័យទៅបានលុះត្រាតែយើងមានចំណេះសម្រាប់ដោះស្រាយបញ្ហា មានចំណេះដឹងសម្រាប់ប្រើប្រាស់ក្នុងជីវិត និងក្នុងសង្គម»។
សហគ្រិនជោគជ័យខាងលើបានលើកឡើងផងដែរថា ចំណេះដឹងគឺមិនប្រាកដថាត្រូវរៀនតែក្នុងសាលានោះទេ យើងអាចស្វែងរកចំណេះដឹងបានពីគ្រប់មជ្ឈដ្ឋានទាំងក្នុងវិស័យការងារ និងពីផ្នែកផ្សេងៗទៀតក្នុងការរស់នៅ។
ទន្ទឹមនឹងនេះ ពេលវេលាក៏សំខាន់ណាស់ដែរសម្រាប់មនុស្ស ព្រោះថាបើយើងមិនចេះគ្រប់គ្រងពេលវេលាឱ្យបានល្អទេនោះ យើងនឹងចាយជីវិតចោលដោយមិនបានធ្វើរឿងដែលមានប្រយោជន៍សម្រាប់ជីវិតនោះទេ។ ការគ្រប់គ្រងពេលវេលាបានល្អ វាអាចធ្វើឱ្យយើងទទួលបានការអភិវឌ្ឍក្នុងពេលដ៏សមប្រកប ដែលវារុញច្រានឱ្យជីវិតទទួលបានជោគជ័យរួមទាំងមានសុភមង្គលក្នុងគ្រួសារថែមទៀតផង។ ក្រៅពីនេះ សុខភាព ក៏ជារឿងចម្បងមួយដែរសម្រាប់សុភមង្គល។
បើសុខភាពមិនរឹងមាំ យើងក៏គ្មានកម្លាំងឯណាទៅយកឈ្នះបញ្ហានានានោះទេ ហើយបើយើងមិនអាចឈ្នះលើអាជីវកម្ម ឬមិនអាចឈ្នះលើការតាំងចិត្តរបស់យើងនោះទេ យើងក៏មិនអាចទទួលបានសុភមង្គលនោះដែរ។ អ្វីដែលសំខាន់គឺរក្សាសុខភាពឱ្យបានល្អសម្រាប់អភិវឌ្ឍលើវិស័យការងារ និងផ្តល់ភាពកក់ក្តៅដល់ក្រុមគ្រួសារ។ ចំណុចសំខាន់ចុងក្រោយ គឺំមនុស្សគ្រប់គ្នាត្រូវសន្សំថវិកា ធ្វើយ៉ាងណាឱ្យមានភាពរឹងមាំផ្នែកហិរញ្ញវត្ថុ។
ជាការពិតណាស់លុយមិនមែនជាធាតុគ្រប់យ៉ាងរបស់សុភមង្គលនោះទេ តែការគ្រប់គ្រងហិរញ្ញវត្ថុបានល្អ គឺជាធាតុសំខាន់មួយដើម្បីកសាងសុភមង្គល។ លោកបានបញ្ជាក់ផងដែរថា អ្នកមានគេទប់លុយមុននឹងចាយ មិនមែនចាយលុយហើយបានរកវិធីទប់តាមក្រោយនោះទេ៕
ប្រភព៖ ឡារ៉ែន