អាវុធហត្ថរាជធានីភ្នំពេញ ក្រើនរម្លឹកដល់មហាជនកុំមានចិត្តលោភលន់ រហូតធ្លាក់ចូលអន្ទាក់ជនខិលខូច!

0
7

ភ្នំពេញ៖ ជាញឹកញាប់សមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញ តែងតែបង្ក្រាប ករណីឆបោកឲ្យផ្ញើលុយតាមវីង និងឆបោកតាមវិធីផ្សេងៗ បានជាហូរហែរ និងតែងតែធ្វើការអំពាវនាវផ្សព្វផ្សាយជាប់ជាប្រចាំ ដើម្បីជៀសវាងជនល្មើសយកល្បិចដដែលនេះ ទៅបោកប្រាស់អ្នកផ្សេងទៀតបាន ប៉ុន្តែទោះបីជាមានការអំពាវនាវនិងផ្សព្វផ្សាយយ៉ាងណា ក៏គេសង្កេតឃើញថា នៅតែមានជនរងគ្រោះមួយចំនួន នៅតែចាញ់បោកល្បិចចោរទាំងនេះជាដដែលៗ។
ម្យ៉ាងទៀតលោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ក៏ធ្លាប់បានចេញមុខអំពាវនាវដោយផ្ទាល់ សូមឲ្យបងប្អូនប្រជាពលរដ្ឋតោងមានការ ប្រុងប្រយ័ត្នឲ្យបានខ្ពស់ កុំមានចិត្តលោភលន់ កុំចង់បានអ្វីដែលមិនមានប្រភព ជាពិសេសលាភសក្ការៈដែលនៅសុខៗ មកដោយឯកឯង ដោយមិនមានការប្រឹងប្រែងសោះនោះ ច្រើនតែជាអន្ទាក់នាំយើងធ្លាក់ទៅក្នុងការខាតបង់។

ជាថ្មីម្តងទៀតនៅប៉ុន្មានថ្ងៃមកនេះ អាវុធហត្ថរាជធានីភ្នំពេញទើបតែបង្ក្រាប ករណីឆបោកឲ្យផ្ញើលុយតាមវីង ០២ករណី បន្តបន្ទាប់គ្នា ដោយឃាត់ខ្លួនជនល្មើសជាជនជាតិស្បែកខ្មៅ០២នាក់ បញ្ជូនទៅតុលាការ ផ្តន្ទាទោស តាមច្បាប់ ក្នុងនោះមាន៖
ករណីទី១៖ កាលពីថ្ងៃទី23 ខែមករា ឆ្នាំ2021នេះ សមត្ថកិច្ចជំនាញការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានឃាត់ខ្លួន និងបញ្ជូនទៅកាន់តុលាការ ដើម្បីផ្ដន្ទាទោសតាមច្បាប់ នូវជនឆបោកឲ្យផ្ញើលុយតាមវីង ជាជនជាតិនីហ្សេរីយ៉ាម្នាក់ ឈ្មោះ OKEKE IKECHUKWU អាយុ39ឆ្នាំ បន្ទាប់ពីគេ និងគូរកន បានរៀបគម្រោងបោកប្រាស់ជនរងគ្រោះម្នាក់ ភេទស្រី អាយ34ឆ្នាំ តាមរយៈហ្វេសប៊ុកសុំរាប់អានគ្នា រហូតបោក ឲ្យជនរងគ្រោះ ផ្ញើលុយទៅពួកគេជាបន្តបន្ទាប់សរុបចំនួន 2,200$។

ករណីទី២៖ នៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២១ សមត្ថកិច្ចជំនាញការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវកំណត់មុខសញ្ញាជនសង្ស័យ រហូតឈានដល់ឃាត់ខ្លួនបានជនសង្ស័យម្នាក់ទៀតឈ្មោះ BANGHA CALESTUS NYODEH ហៅ JOE អាយុ៣១ឆ្នាំ ជនជាតិកាម៉េរ៉ូន មានមុខរបរ និងទីលំនៅមិនពិតប្រាកដ ដែលជនសង្ស័យខាងលើនេះ បានបោកប្រាស់ទៅលើជនរងគ្រោះ ដោយរៀបគម្រោងទាក់ទងរកស៊ីនាំរថយន្តពីអាមេរិក យកមកលក់ក្នុងស្រុកខ្មែរ ហើយតម្រូវឲ្យជនរងគ្រោះ កក់ប្រាក់ចំនួន៥០០០០ដុល្លារអាមេរិក តែជនរងគ្រោះកក់ខ្លួនតែ ២០០០០ដុល្លារអាមេរិក ប៉ុណ្ណោះ។ បន្ទាប់ពីទទួលប្រាក់ពីជនរងគ្រោះរួច ពួកខ្លួនបានចែកបា្រក់គ្នាហើយក៏បែកផ្លូវគ្នារៀងៗខ្លួន និងបានបិទទូរស័ព្ទផ្តាច់ការទាក់ទងជាមួយជនរងគ្រោះ រហូត អាវុធហត្ថរាជធានីភ្នំពេញស្រាវជ្រាវឃាត់ខ្លួនបានតែម្តង។

ពាក់ព័ន្ធករណីដូចខាងលើ អាវុធហត្ថរាជធានីភ្នំពេញ សូមអំពាវនាជាថ្មីម្តងទៀត ដល់មហាជនទូទៅ សូមមានការប្រយ័ត្ន ចំពោះល្បិចកល ជនខិលខូចទាំងនេះឲ្យបានខ្ពស់ កុំមានចិត្តលោភលន់ ចង់បានផលប្រយោជន៍ណាមួយ ដែលបានមកដោយស្រួលគ្មានប្រភព ច្បាស់លាស់ ព្រោះវាសុទ្ធតែជាអន្ទាក់ ដែលនាំអ្នកទៅរកការខាតបង់ទាំងអស់៕

LEAVE A REPLY

Please enter your comment!
Please enter your name here