ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា នៅរសៀលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានប្រកាសរកឃើញជនជាតិឥណ្ឌា២នាក់និងចិនម្នាក់ឆ្លងជំងឺកូវីដ១៩ បម្លែងខ្លួនថ្មីជាលើកដំបូង។
បើតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលនៅថ្ងៃទី១៥កុម្ភៈបានឱ្យដឹងថា ជនបរទេស៣នាក់ ដែលត្រូវបានរកឃើញមានផ្ទុកមេរោគកូវីដ១៩ បំលែងថ្មីនេះ ត្រូវបានដាក់ឱ្យព្យាបាលនៅមជ្ឈមណ្ឌលជាតិកម្ចាត់ រោគរបេង និង ហង់សិន រាជធានីភ្នំពេញ រួចហើយ។
ក្រសួងសុខាភិបាលបានសង្កេតឃើញថាប្រជាពលរដ្ឋខ្មែរហាក់ភ្លេចខ្លួនអំពីហានិភ័យដ៏ធំធេងនៃការចម្លងវីរុសកូវីដ-១៩ ជាពិសេសនៅក្នុងបរិបទនៃការបំប្លែងខ្លួនជាបន្តបន្ទាប់របស់វីរុសដ៏កាចសាហាវនេះ ដោយមានការជួបជុំគ្នាច្រើន កុះករនៅក្នុងពិធីជប់លៀង ពិធីអាពាហ៍ពិពាហ៍ ពិធីបុណ្យទានផ្សេងៗ និងការធ្វើដំណើរកម្សាន្តទៅកាន់ស្រុកកំណើត ឬទីរមណីយដ្ឋាននានា ដោយមិនបានអនុវត្តតាមវិធានការណែនាំរបស់ក្រសួងសុខាភិបាល។
ក្រសួងសុខាភិបាល ក៏បានក្រើនរំលឹកសាជាថ្មីម្ដងទៀតថា វីរុសកូវីដ-១៩ ជាពិសេសវីរុសបាន និងកំពុងតែបំប្លែងខ្លួនថ្មីជាច្រើន ប្រភេទ ពេលនេះកំពុងតែចរាចរបន្តរាតត្បាតនៅលើសកលលោកយ៉ាងខ្លាំងក្លា។ ដូច្នេះ ពលរដ្ឋកម្ពុជា មិនត្រូវមើលស្រាលលើលទ្ធភាពចម្លងរហ័សនិងភាពសាហាវធ្ងន់ធ្ងរបណ្ដាលមកពីការវាយលុកនៃជំងឺកូវីដ-១៩ លើសរីរាង្គមនុស្សនោះឡើយ ហើយសភាពចម្លងខ្លាំងក្លា និងភាពធ្ងន់ធ្ងរនៃជំងឺនេះ អាចកើតមានឡើងនៅក្នុងប្រទេសយើង គ្រប់ពេលវេលា គ្រប់កាលៈទេសៈ និងគ្រប់ទីកន្លែង ប្រសិនបើបុគ្គលមិនបានការពារខ្លួនត្រឹមត្រូវនោះទេ។
ក្រសួងសុខាភិបាល ក៏បានស្នើដោយទទូចឱ្យប្រជាពលរដ្ឋកម្ពុជា មានការប្រុងប្រយ័ត្ន ឬ ការពារខ្លួន កុំធ្វេសប្រហែសឱ្យសោះ និងមិនត្រូវមើលរំលង ពីលទ្ធភាពនៃការចម្លង វីរុសកូវីដ១៩ ប្រភេទបំប្លែងថ្មីទាំងនេះ មកក្នុងសហគមន៍កម្ពុជានោះឡើយ៕



