ភ្នំពេញ៖ មន្ត្រីសាខា ក.ប.ប. ខេត្តឧត្តរមានជ័យ ដោយមានការសហការពីមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត និងអាជ្ញាធរដែនដី នៅថ្ងៃទី១៥ ខែកុម្ភៈឆ្នាំ២០២១ បានបន្តចុះផ្សព្វផ្សាយ អំពីគុណភាព សុវត្ថិភាពម្ហូបអាហារ និងត្រួតពិនិត្យផលិតផលម្ហូបអាហារ និងទំនិញវេចខ្ចប់ស្រាប់ នៅផ្សារទួលស្វាយ ស្ថិតក្នុងភូមិទួលស្វាយ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។
គោលដៅសំខាន់នៃការត្រួតពិនិត្យគឺដើម្បីស្រាវជ្រាវទប់ស្កាត់ការចរាចរណ៍ទំនិញខូចគុណភាព ក្លែងបន្លំស្លាកសញ្ញា ផុតកំណត់កាលបរិច្ឆេទប្រើប្រាស់ និងមានសារធាតុគីមីហាមឃាត់។
ក្នុងសកម្មភាពនេះ មន្ត្រីជំនាញបានការធ្វើវិភាគបឋមទៅលើគំរូម្ហូបអាហារមួយចំនួនរួមមាន៖ ពពុះសណ្ដែក មីសួរ មឹក និងបង្គា ដើម្បីស្វែងរកសារធាតុគីមីហាមឃាត់ ដែលអាចធ្វើឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ។ ជាមួយគ្នានោះ មន្ត្រីជំនាញក៏បានធ្វើការត្រួតពិនិត្យរកភាពមិនអនុលោមរបស់ទំនិញនៅលើសម្បកវេចខ្ចប់ផងដែរ។
ជាលទ្ធផលមន្ត្រីជំនាញ បានរកឃើញទំនិញមានផ្ទុកសារធាតុគីមីហាមឃាត់ និងហួសកាលបរិច្ឆេទប្រើប្រាស់ ប្រមាណ ១៩.១៥គីឡូក្រាម រួមមាន៖
– ពពុះសណ្ដែក មានសារធាតុគីមី បូរ៉ាក់ (Borax) ចំនួន ៣.៨៥គីឡូក្រាម
– មីកញ្ចប់ ហួសកាលបរិច្ឆេទប្រើប្រាស់ ចំនួន ១៦កញ្ចប់ ស្មើនឹង ១.១គីឡូក្រាម
– នំពោតកូនក្មេង ហួសកាលបរិច្ឆេទប្រើប្រាស់ ចំនួន ១កេសធំ ស្មើនឹង ៨គីឡូក្រាម
– ទឹកក្រូច ហួសកាលបរិច្ឆេទប្រើប្រាស់ ចំនួន ២ដប ស្មើនឹង ៦.២ លីត្រ។
បន្ទាប់មក មន្ត្រីសាខា ក.ប.ប. បានធ្វើកំណត់ហេតុដកហូត ទំនិញទាំងនោះយកមករក្សាទុកដើម្បីកម្ទេចចោលនៅពេលក្រោយ។ ទន្ទឹមនឹងនោះមន្ត្រីជំនាញក៏បានធ្វើការណែនាំ ដល់អាជីវករផ្សេងទៀត ឱ្យយល់ដឹង និងអនុវត្តទៅតាមច្បាប់ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញ និងសេវា ព្រមទាំងច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ ជៀសវាងបង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ និងអាចប្រឈមចំពោះមុខច្បាប់ថែមទៀត៕