ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានបន្តអំពាវនាវឲ្យ បងប្អូនប្រជាពលរដ្ឋ បង្កើនការប្រុងប្រយ័ត្នខ្ពស់បំផុត ចំពោះបាតុភូតផ្គរ រន្ទះ ខ្យល់កន្ត្រាក់ ជំនន់ទឹកភ្លៀង ខណៈខេត្តមួយចំនួន នៃប្រទេសកម្ពុជា នឹងរងឥទ្ធិពលពីព្យុះទី១៦ឈ្មោះ ណាងកា និងព្យុះទី១៧ ឈ្មោះ សូដែល ។
យោងតាមសេចក្ដីជូនដំណឹង របស់ក្រសួងធនធានទឹក នៅថ្ងៃទី១៣ តុលានេះ បានឲ្យដឹងថា ប្រព័ន្ធសម្ពាធទាបនឹងបន្តលាត សន្ធឹងលើកម្ពុជា ។ នៅលើសមុទ្រចិនខាងត្បូងបានកើតព្យុះទី១៦ (Tropical Storm ) ឈ្មោះ ណាងកា (NANGKA) ។ តាមការព្យាករល៍នេះ នឹងចូលឈូងសមុទ្រតុងកឹង ឆ្លងកាត់កោះហៃណាំ មុននឹងចូលដល់ភាគខាងជើងវៀតណាម នៅថ្ងៃទី១៥ ខែតុលា ។ បន្ទាប់ពីនោះ ក្នុងរង្វង់ថ្ងៃទី១៦-១៧ ព្យុះថ្មីមួយទៀតនឹងកើត ឡើងដែលរាប់ថាជាព្យុះទី១៧ ឈ្មោះ សូដែល ( SAUDEL) ដែលមានកម្លាំងខ្លាំង ។ តាមការរំពឹងទុក ព្យុះនេះនឹងចូលប្រទេសវៀតណាម ត្រង់ចំណុចគីញើន ( Qui Nhon ) រួចបន្ថយឥទ្ធិពលជាបន្តបន្ទាប់ ដោយបន្តឆ្លងកាត់ចូលកម្ពុជា យើងតាមខេត្តរតនគិរី នាថ្ងៃទី១៨-១៩ ក្នុងកម្លាំងជាវិសម្ពាធ និងសម្ពាធទាប ។
ស្ថានភាពបែបនេះធ្វើឲ្យ បណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយ ក្នុងកម្រិតបរិមាណពីតិចទៅ បង្គរ ។ នៅថ្ងៃទី១៨-១៩ ខែតុលា បណ្តាខេត្តនៅវាលទំនាបមួយចំនួន ពិសេសនៅភាគពាយ័ព្យ និងភាគខាងជើងនឹងអាចមានភ្លៀងពីបង្គួរទៅច្រើន ។
ចំពោះបណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយ នៅក្នុងកម្រិតបរិមាណពីមធ្យមទៅបង្គួរ ។ ដោយឡែកនៅតំបន់មាត់សមុទ្រ នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយ នៅក្នុងកម្រិតបរិមាណ ពីមធ្យមទៅបង្គរ ។ នៅលើផ្ទៃសមុទ្រ នឹងអាចមានភ្លៀងធ្លាក់ច្រើន លាយឡំខ្យល់បក់បោក និងរលកសមុទ្រខ្ពស់ៗ ។
តាមរយៈស្ថានភាពអាកាសធាតុខាងលើ ក្រសួងធនធានទឹក បានបន្តអំពាវនាវឲ្យមានការ ប្រុងប្រយ័ត្នចំពោះបាតុភូតផ្គរ រន្ទះ ខ្យល់កន្ត្រាក់ ជាពិសេសប្រជាពលរដ្ឋរស់នៅ ទីទំនាប ក្បែរ ផ្លូវទឹក ជាប់តំបន់ភ្នំ និងជួរភ្នំ សូមប្រុងប្រយ័ត្នចំពោះជំនន់ទឹកភ្លៀង ចាប់ពីថ្ងៃទី១៨-២០ ខែតុលា ។ អ្នកនេសាទ និង អ្នកដំណើរសមុទ្រ សូមប្រុងប្រយ័ត្នចំពោះភ្លៀងធ្លាក់ច្រើនលាយឡំ ខ្យល់បក់ខ្លាំង និង រលកសមុទ្រខ្ពស់ៗ ចាប់ពីថ្ងៃទី១៦-២០ ខែតុលា ៕