ទីលានបាល់ទាត់នៃវិទ្យាល័យឧដុង្គ បើកការដ្ឋានសាងសង់ជាផ្លូវការហើយ

0
9

ភ្នំពេញ៖ លោក ខូវ ឆាយ អគ្គលេខាធិការសមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ បានឲ្យដឹងថា
ទីលានបាល់ទាត់ នៃវិទ្យាល័យឧដុង្គ ស្ថិតឃុំវាំងចាស់ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ បានបើកការដ្ឋានសាងសង់ជាផ្លូវការហើយ នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១នេះ។

ពិធីបើកការដ្ឋានសាងសង់ទីលានស្ដង់ដារនេះ ធ្វើឡើងក្រោមវត្តមានលោក ងួន វាសនា អភិបាលស្រុកឧដុង្គ ព្រមទាំងអាជ្ញាធរឃុំ និងលោកគ្រូអ្នកគ្រូ នៃវិទ្យាល័យឧដុង្គ បន្ទាប់ពីមានការកៀរគរថវិកាពីសំណាក់អតីតសិស្សសាលាវិទ្យាល័យឧដុង្គ ដែលដឹកនាំកៀរគរថវិកានេះដោយលោក ខូវ ឆាយ។

អតីតសិស្សវិទ្យាល័យឧដុង្គខាងលើ បានបញ្ជាក់ថា «ការកសាងនេះ ដើម្បីទុកជាប្រយោជន៍ដល់ការបណ្តុះបណ្តាលហ្វឹកហាត់យុវជនសិស្សានុសិស្ស និងការប្រកួតកីឡាបាល់ទាត់កំរិតសិស្សនានា មិនតែប៉ុណ្ណោះក៏សម្រាប់ជាប្រយោជន៍ដល់សហគមន៍ទាំងមូល ក្នុងការប្រើប្រាស់ដើម្បីរៀបចំការប្រកួតបាល់ទាត់ថ្នាក់មហាជនប្រចាំស្រុក ថ្នាក់ខេត្ត ថ្នាក់ជាតិ និងថ្នាក់អន្តរជាតិនានាផងដែរ» ។

តាមការឲ្យដឹង ទីលានស្មៅធម្មជាតិនេះ នឹងធ្វើតាមលក្ខណៈស្ដង់ដារ ដោយជំហានដំបូង ផ្ដើមពីការសាងសង់ទីលានមុន បន្ទាប់មកទើបគិតគូរសាងសង់វេទិកា និងសាងសង់កន្លែងអង្គុយទស្សនាជាក្រោយ។ មិនតែប៉ុណ្ណោះ ក្នុងពេលឆាប់ៗខាងមុខ ក៏នឹងមានការចុះអនុស្សារណៈយោគយល់គ្នា (MOU) រវាងវិទ្យាល័យឧដុង្គ ជាមួយក្រុមកងយោធពលខេមរភូមិន្ទ ដើម្បីសហការថែទាំ និងប្រើប្រាស់ទីលាននេះទៀតផង។

គួរដឹងថា ទីលានបាល់ទាត់ នៃវិទ្យាល័យឧដុង្គនេះ បានដំណើរការឈូសឆាយដីជាង ១សប្ដាហ៍មកហើយ មុនពិធីបើកការដ្ឋានសាងសង់ថ្ងៃនេះ ដោយនឹងប្រើប្រាស់ស្មៅធម្មជាតិប្រភេទស្មៅល្អិត ដែលជាផលិតផលក្នុងស្រុក ឬភាសាបច្ចេកទេសហៅថា Local Permuda ដែលត្រូវបានអ្នកជំនាញចាត់ទុកជាស្មៅស័ក្ដិសមជាមួយនឹងទីលានតាមខេត្ត និងងាយស្រួលថែទាំ។ តាមការគ្រោងទុក ទីលាននេះ នឹងបញ្ចប់ក្នុងរយៈពេល ៣ខែខាងមុខ៕

LEAVE A REPLY

Please enter your comment!
Please enter your name here