លោក ស សុខា ទទួលបានការគាំទ្រដឹកនាំជាប្រធានសហព័ន្ធប៉េតង់កម្ពុជា អាណត្តិថ្មី

0
8

ភ្នំពេញ៖ លោក ស សុខា ត្រូវបានគណៈកម្មាធិការប្រតិបត្តិ ផ្តល់សេចក្តីទុកចិត្តបោះឆ្នោតជ្រើសរើសឲ្យបន្តដឹកនាំជាប្រធានសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា សម្រាប់អាណត្តិថ្មី ទី៧ ឆ្នាំ២០២១ ដល់២០២៥ តាមរយៈមហាសន្និបាត តាមប្រព័ន្ធ Zoom នៅព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១នេះ។

ក្នុងនាមជាប្រធានសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា អាណត្តិទី៧ លោកបានប្តេជ្ញាចិត្តបំពេញកិច្ចការងារសម្រាប់អាណត្តិថ្មី សំដៅបម្រើផលប្រយោជន៍សហព័ន្ធ និងដើម្បីតបស្នងចំពោះការលះបង់របស់ថ្នាក់ដឹកនាំជំនាន់មុន ព្រមទាំងស្វែងរកលទ្ធផលល្អៗ ជោគជ័យថ្មីៗ ជូនជាតិមាតុភូមិកម្ពុជាជាបន្តទៀត។

សមាជិកប្រតិបត្តិអាណត្តិថ្មីនេះ មានចំនួន១៤រូប ក្នុងនោះលោក ស សុខា ដែលជារដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា អមដោយអនុប្រធានចំនួន៥រូប ដូចជាលោក ប៊ូ ជុំសេរី អនុប្រធានទី១ និងអនុប្រធាន៤រូបទៀត គឺលោក អ៊ុក សិទ្ធិជាតិ, លោក ស៊ុម សុជាតិ, អ្នកឧកញ៉ា លាង ឃុន, លោកឧកញ៉ា សុខ ហុង ខណៈលោក សុខ សប្បាយណា អគ្គលេខាធិការ អមដោយអគ្គលេខាធិការងពីររូប គឺលោក ព្រំ ប៊ុណ្ណយី និងកញ្ញា គីន សំណាង។ អគ្គហិរញ្ញិក លោក ណុប ដារ៉ា និងមានសមាជិកចំនួន៤រូបផ្សេងទៀត។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់សហព័ន្ធ ក្រោយបញ្ចប់អង្គមហាសន្និបាតនេះ បានបង្ហាញសកម្មភាព និងសមិទ្ធផលដែលសម្រេចបានក្នុងអាណត្តិចាស់ថា សហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា សូមអបអរសាទរចំពោះ លោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ដែលទទួលបានការបោះឆ្នោតគាំទ្រពីអង្គមហាសន្និបាត ជ្រើសរើសជាប្រធានសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា អាណត្តិទី៧ ឆ្នាំ២០២១- ២០២៥ ដើម្បីបន្តនូវចក្ខុវិស័យពីថ្នាក់ដឹកនាំពង្រីកវិសាលភាព និងការអភិវឌ្ឍវិស័យកីឡាប៊ូល និងប៉េតង់កម្ពុជា ទៅគ្រប់បណ្តារាជធានី-ខេត្ត ស្របតាមលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុង ដែលទើបទទួលបានការអនុម័តពីអង្គមហាសន្និបាត។ បន្ថែមពីនេះ បន្តអនុវត្តផែនការមេឆ្ពោះទៅការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣។

ខ្លឹមសារមហាសន្និបាតនេះបញ្ជាក់ទៀតថា សហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ១៩៩២ ក្រោមការផ្តួចផ្តើមរបស់ថ្នាក់ដឹកនាំជំនាន់មុនដែលមាន សម្តេចវិបុលបញ្ញា សុខ អាន ជាប្រធាន និង សម្តេចក្រឡាហោម ស ខេង ជាប្រធានកិត្តិយស ព្រមទាំងស្ថាបនិកជាច្រើនរូបទៀត ដែលបានលះបង់កម្លាំងកាយចិត្ត ពេលវេលាដ៏មមាញឹក និងថវិកាផ្ទាល់ខ្លួន ក្នុងការជំរុញវិស័យកីឡាប៊ូល និងប៉េតង់ រហូតមានភាពល្បីល្បាញ និងការកោតសរសើរលើសកលលោក ដោយទទួលបានការប្រសិទ្ធនាមពីសហព័ន្ធកីឡាប៊ូល និងប៉េតង់អន្តរជាតិ ថា “កម្ពុជា ជាមហាអំណាចលើប្រភេទកីឡាប៉េតង់”។

បច្ចុប្បន្ន ប៊ូល និងប៉េតង់ ជាកីឡាមួយប្រភេទ ដែលទទួលបានការចាប់អារម្មណ៍ និងគាំទ្រពីសាធារណជនគ្រប់ស្រទាប់វណ្ណៈ ព្រមទាំងមានសក្តានុពលក្នុងការដណ្តើមយកនូវមេដាយជូនជាតិមាតុភូមិ គិតត្រឹមឆ្នាំ២០២០ សហព័ន្ធទទួលបានមេដាយកម្រិតអន្តរជាតិ សរុប ៣៦៩គ្រឿង (មាស ១០៧ ប្រាក់ ១៣១ និងសំរឹទ្ធ ១៣១) ដែលសមិទ្ធផលគួរជាទីមោទនៈនេះ គឺអាចកើតមានឡើងពីការជ្រោមជ្រែង និងការត្រួសត្រាយផ្លូវរបស់ថ្នាក់ដឹកនាំជំនាន់មុន ក្នុងនាមយើងជាយុវជនជំនាន់ក្រោយ គឺពុំអាចបំភ្លេចនូវស្នាដៃដ៏ឧដុង្គឧត្តមនេះបានឡើយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here