ថ្នាក់ដឹកនាំ CAMSOC គាំទ្រសំណើរដេញថ្លៃធ្វើម្ចាស់ផ្ទះ AFF Suzuki Cup 2020 របស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា

0
8

ភ្នំពេញ៖ នាយឧត្តមសេនីយ៍ សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានប្រកាសនឹងចូលរួមដេញថ្លៃធ្វើម្ចាស់ផ្ទះការប្រកួតកីឡាបាល់ទាត់ជើងឯកអាស៊ីអាគ្នេយ៍ ឆ្នាំ២០២០ (AFF Suzuki Cup 2020) ដោយស្នើសុំរៀបចំការប្រកួតផ្ទាល់ នៅពហុកីឡដ្ឋានជាតិមរតកតេជោ។ នេះបើតាមការបញ្ជាក់ក្នុងសន្និបាតបូកសរុបការងារឆមាសទី១ និងលើកទិសដៅបន្ដការងារឆមាសទី២ ឆ្នាំ២០២១ របស់គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) នៅព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១ ។

ជាមួយការស្នើដេញថ្លៃធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍បាល់ទាត់ប្រចាំតំបន់នេះ បានទទួលការគាំទ្រពីសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិ CAMSOC ក៏ដូចជាឯកឧត្តមបណ្ឌិត ថោង ខុន អនុប្រធានអចិន្រ្ដៃយ៍ CAMSOC និងអង្គសន្និបាតទាំងមូល ដោយសម្ដេចពិជ័យសេនា បានឯកភាព និងជំរុញឲ្យធ្វើការរួមគ្នាក្នុងការរៀបចំការប្រកួត នៅពហុកីឡដ្ឋានជាតិមរតកតេជោ បន្ទាប់ពីសំណង់ប្រវត្តិសាស្ដ្រនេះ ត្រូវបានប្រគល់ឲ្យគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាគ្រប់គ្រងនាពេលឆាប់ៗខាងមុខ ។

នាយឧត្តមសេនីយ៍ សៅ សុខា បានបញ្ជាក់ថា ការស្នើដេញថ្លៃធ្វើម្ចាស់ផ្ទះនេះ ធ្វើឡើងក្នុងគោលបំណងសំខាន់ៗមួយចំនួន ដូចជាដើម្បីអបអរសាទរសមិទ្ធផលដ៏អស្ចារ្យ នៃពហុកីឡដ្ឋានជាតិមរតកតេជោ និងផ្សព្វផ្សាយសំណង់ដ៏មហាសាលទៅលើឆាកអន្ដរជាតិ ។ មួយវិញទៀត ក៏ដើម្បីផ្ដល់នូវចំណីចក្ខុដល់ប្រជាពលរដ្ឋក្នុងបរិបទកូវីដ-១៩ ពិសេសបញ្ជាក់ពីការប្រយុទ្ធប្រឆាំងជំងឺកូវីដ ប្រកបដោយប្រសិទ្ធភាពខ្ពស់ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ។ ម្យ៉ាងក៏ដើម្បីសាកល្បង និងពង្រឹងសមត្ថភាពកីឡាករត្រៀមការប្រកួតកីឡាស៊ីហ្គេម លើកទី៣១ នៅវៀតណាម និងស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជាផងដែរ ។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC បានមានប្រសាសន៍ក្រោយបញ្ចប់សន្និបាតថា «យើងទាំងអស់ បានស្ដាប់នូវសំណូមពររបស់នាយឧត្តមសេនីយ៍ សៅ សុខា ក្នុងនាមជាប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ក្នុងការសំណូមពររៀបចំការប្រកួតពានរង្វាន់ AFF Suzuki Cup នៅខែធ្នូ ចុងឆ្នាំ២០២១ នេះ គឺសម្ដេចពិជ័យសេនា ទៀ បាញ់, លោក ថោង ខុន និងអង្គសន្និបាតទាំងមូល បានឯកភាពក្នុងការងារនេះ ដើម្បីយើងរួមគ្នារៀបចំនៅពហុកីឡដ្ឋានជាតិមរតកតេជោ ដែលយើងនឹងទទួលបាននូវការផ្ដល់ការគ្រប់គ្រង យើងនឹងធ្វើការជាមួយគ្នា…..» ។

សូមបញ្ជាក់ថា ការប្រកួតពានរង្វាន់ AFF Suzuki Cup 2020 ត្រូវបានពន្យារពេលពីឆ្នាំ២០២០ មកឆ្នាំ២០២១ ដោយសារវិបត្តិកូវីដ-១៩ ហើយគម្រោងព្រឹត្តិការណ៍នេះ នឹងចាប់ផ្ដើមការប្រកួតពីថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២១ ដល់ថ្ងៃទី០១ ខែមករា ឆ្នាំ២០២២ ។ ប៉ុន្ដែការចាប់ឆ្នោត មិនទាន់រៀបចំនោះទេ។

នាយឧត្តមសេនីយ៍ សៅ សុខា បានឲ្យដឹងថា ប្រសិនបើដេញថ្លៃទទួលបានជោគជ័យ យ៉ាងហោចមានកីឡាករ និងមន្ដ្រីប្រមាណ ៥០០នាក់ ត្រូវស្នាក់នៅកម្ពុជារយៈពេលជិត ១ខែ ដោយសហព័ន្ធត្រូវរៀបចំសណ្ឋាគារយ៉ាងហោច ៣ ដើម្បីក្រុមជម្រើសជាតិ ដែលត្រូវចូលរួមព្រឹត្តិការណ៍ ២ឆ្នាំម្ដងនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here