ភ្នំពេញ៖ សហព័ន្ធកីឡាទូកក្ដោងកម្ពុជា និងសហព័ន្ធកីឡាទូកក្ដោងសិង្ហបុរី គ្រោងសហការគ្នារៀបចំការប្រកួតកីឡាទូកក្ដោងអន្ដរជាតិមួយ នៅតំបន់ឆ្នេរ នាខេត្តព្រះសីហនុ នាខែធ្នូ ឆ្នាំ២០២១ ខាងមុខ ។ នេះបើយោងតាមប្រសាសន៍របស់លោក ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ដ្រៃយ៍ នៃគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) ក្នុងសន្និបាតបូកសរុបការងារឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ កាលពីម្សិលមិញ។
លោក ថោង ខុន បានគូសបញ្ជាក់ថា គម្រោងរៀបចំព្រឹត្តិការណ៍អន្ដរជាតិនេះ បន្ទាប់ពីសហព័ន្ធកីឡាទូកក្ដោងសិង្ហបុរី បានដឹងថា ការប្រកួតកីឡាស៊ីហ្គេម លើកទី៣១ នៅវៀតណាម មិនត្រូវបានម្ចាស់ផ្ទះដាក់ប្រភេទកីឡាទូកក្ដោងក្នុងការប្រកួតនោះទេ ។ ការលើកឡើងរបស់លោករដ្ឋមន្ដ្រី ត្រូវបានអង្គសន្និបាត ពិសេសសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិ CAMSOC សម្ដែងការគាំទ្រ និងជំរុញឲ្យរៀបចំ ដើម្បីសម្រួចផែនការមេត្រៀមស៊ីហ្គេមនៅកម្ពុជា ។
លោករដ្ឋមន្ដ្រីបានមានប្រសាសន៍ថា «បន្ទាប់ពីដឹងថា ស៊ីហ្គេម ឆ្នាំ២០២១ ដែលត្រូវបានពន្យារពេលទៅខែមេសា ឆ្នាំ២០២២ នៅវៀតណាម មិនត្រូវបានម្ចាស់ផ្ទះវៀតណាម ដាក់កីឡាទូកក្ដោង ក្នុងប្រភេទកីឡាប្រកួតស៊ីហ្គេម ហេតុនេះសហព័ន្ធកីឡាទូកក្ដោងសិង្ហបុរី ក៏បានខិតខំ និងមានគម្រោងសហការជាមួយសហព័ន្ធកីឡាទូកក្ដៅកម្ពុជា ដើម្បីរៀបចំព្រឹត្តិការណ៍កីឡាទូកក្ដោងអន្ដរជាតិមួយ នៅខេត្តព្រះសីហនុ នាខែធ្នូ ឆ្នាំ២០២១ ដែលតាមគម្រោងមានអត្តពលិកចូលរួមប្រកួតប្រហែល ៧ ទៅ ៨ប្រទេស…» ។
អនុប្រធានអចិន្ដ្រៃយ៍ CAMSOC ដដែល បានបង្ហាញនូវសុទិដ្ឋិនិយមខ្ពស់ ចំពោះការគម្រោងរៀបចំការប្រកួតកីឡាទូកក្ដោងអន្ដរជាតិនៅកម្ពុជានេះ ពិសេសដោយមានការគាំទ្រពីសហព័ន្ធកីឡាទូកក្ដោងសិង្ហបុរី ព្រោះប្រសិនបើមិនមានការប្រកួតអន្ដរជាតិនោះទេ អាចជាផលលំបាកសម្រាប់ការត្រៀមខ្លួន ក៏ដូចជាការវាស់ស្ទង់សមត្ថភាពត្រៀមស៊ីហ្គេម ។ ដូច្នេះកិច្ចសហការរវាងសហព័ន្ធកីឡាទូកក្ដោងកម្ពុជា និងសិង្ហបុរី គឺជាការល្អមួយ ដើម្បីជំរុញវិស័យកីឡាទូកក្ដោងកម្ពុជា សម្រាប់ដំណើរឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ ។
គួរដឹងថា ក្រៅពីជំរុញសកម្មភាពរៀបចំការប្រកួតថ្នាក់ជាតិ និងអន្ដរជាតិ ដោយជម្នះឧបសគ្គ ក្នុងបរិបទកូវីដ-១៩ គណៈកម្មាធិការជាតិ CAMSOC ក៏បាននឹងកំពុងជំរុញសកម្មភាពប្រមូលផ្ដុំហ្វឹកហាត់ផងដែរ ដូចជាការត្រៀមរៀបចំការប្រមូលផ្ដុំហ្វឹកហាត់ទ្រង់ទ្រាយធំលក្ខណៈបិទខ្ទប់នៅពហុកីឡដ្ឋានជាតិមរតកតេជោ និងការត្រៀមបញ្ជូនកីឡាករ-កីឡាការិនី និងគ្រូប្រមាណ ១៣៥នាក់ លើ ១២ប្រភេទកីឡា ទៅហ្វឹកហាត់នៅចិន ក៏ដូចជាការគាំទ្រគម្រោងបញ្ជូនកីឡាមួយចំនួនទៀត ទៅហ្វឹកហាត់ក្រៅប្រទេស ដើម្បីពង្រឹងសមត្ថភាពត្រៀមការប្រកួតកីឡាស៊ីហ្គេម លើកទី៣១ នៅវៀតណាមផង និងស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជាផង ៕
ប្រភព: Cambodia SEA GAMES 2023









