ភ្នំពេញ៖ សហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា បានកំណត់គោលដៅមួយ ដើម្បីជំរុញការអភិរក្ស និងអភិវឌ្ឍន៍វិស័យកីឡាក្បាច់គុនអត្តសញ្ញាណជាតិខ្មែរនេះ ឲ្យកាន់តែរីកចម្រើន រហូតទទួលបានការគាំទ្រ និងទទួលស្គាល់ជាអន្ដរជាតិ នាថ្ងៃអនាគត។
លោក វ៉ាត់ ចំរើន អគ្គលេខាធិការសហព័ន្ធ មានប្រសាសន៍ថា សហព័ន្ធបានកំណត់គោលដៅកន្លងមក រហូតដល់ឆ្នាំ២០៣០ ដើម្បីបញ្ជ្រាបការផ្សព្វផ្សាយ និងអភិរក្សមរតកក្បាច់គុនបុព្វបុរសខ្មែរនេះ ទៅកាន់ឆាកអន្ដរជាតិ ក្នុងនោះសហព័ន្ធកំពុងបង្កើនគុណភាពគ្រូបង្វឹករបស់កម្ពុជា ឲ្យមានសមត្ថភាពរឹងមាំ ដើម្បីបញ្ជូនទៅផ្សព្វផ្សាយ និងបង្ហាត់បង្រៀននៅក្រៅប្រទេស ព្រោះគ្រូបង្វឹកមិនត្រឹមតែមានមូលដ្ឋានគ្រឹះក្បាច់គុននោះទេ ក៏ត្រូវចេះភាសាអង់គ្លេសជាចាំបាច់ផងដែរ។
លោកបានបញ្ជាក់ថា គណៈកម្មាធិការអូឡាំពិកអន្តរជាតិ បានកំណត់ហើយ កីឡាមួយប្រភេទ ត្រូវបានទទួលស្គាល់ជាអន្តរជាតិ ត្រូវមានការគាំទ្រយ៉ាងហោច ៧៥ប្រទេស។ ប៉ុន្ដែគុនល្បុក្កតោ បច្ចុប្បន្នទើបមានក្លឹបហ្វឹកហាត់ក្រៅប្រទេស ៦ប្រទេសប៉ុណ្ណោះ មិនទាន់ជ្រួតជ្រាបទូលំទូលាយលើឆាកអន្ដរជាតិនៅឡើយទេ។ ដូច្នេះ កម្ពុជាត្រូវអនុវត្តគោលការណ៍ខាងលើ ដើម្បីទទួលបានការគាំទ្របន្ថែម នាថ្ងៃអនាគត ហើយបើសិនម្ពុជាអាចរៀបចំការប្រកួតគុនល្បុក្កតោជើងឯកពិភពលោកបានរាល់ឆ្នាំ គោលដៅស្វែងរកការគាំទ្រជាអន្ដរជាតិ ៧៥ប្រទេស គឺត្រូវការពេលវេលាប្រហែល ២០ឆ្នាំ។
អគ្គលេខាធិការសហព័ន្ធ និងជាអ្នកជំនាញកីឡាបន្ដថា «នេះជាមហិច្ឆតានៃគោលដៅរបស់យើង ដែលត្រូវតែខិតខំដើរឲ្យដល់កម្រិតពិភពលោក។ ប៉ុន្តែ យើងត្រូវរៀបចំឲ្យគុនល្បុក្កតោមានពុម្ព ឬក្បួនខ្នាតស្តង់ដារតែមួយ ដោយមិនត្រឹមតែគោលដៅដាក់បញ្ជូលកីឡាគុនល្បុក្កតោត្រឹមតំបន់អាស៊ាន ជាពិសេសស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជាប៉ុណ្ណោះទេ តែយើងត្រូវជំរុញ និងបញ្ជូលក្បាច់គុនដួងព្រលឹងជាតិខ្មែរមួយនេះ ឲ្យឈានដល់កម្រិតទ្វីបអាស៊ី នាថ្ងៃអនាគត ហើយបន្ទាប់ពីទទួលបានការគាំទ្រពីប្រទេសទាំង ៤៥ នៅទ្វីបអាស៊ីហើយ យើងនឹងបន្តសម្រួចគោលដៅរបស់យើងទៅក្នុងកម្រិតពិភពលោកទៀត»។
រដ្ឋលេខាធិការក្រសួងទេសចរណ៍ដដែល បានបង្ហាញឆន្ទៈបន្ថែមថា «ដូចជាប្រភេទកីឡាតេក្វាន់ដូ ការ៉ាតេជាដើម ត្រូវបានម្ចាស់ក្បាច់គុនទាំងនោះ រុញឲ្យដល់កម្រិតពិភពលោកបាន អញ្ចឹងហេតុអ្វីកម្ពុជាយើងមិនអាចសម្រួចឲ្យដល់គោលដៅធំបែបនេះបាន ដែលទាំងអស់នេះ គឺជាសំណួរឲ្យកូនខ្មែរយើង ដាស់តឿនស្មារតីកូនខ្មែរយើង នាំគ្នាដាក់គោលដៅរុញប្រភេទកីឡាគុនល្បុក្កតោ ឲ្យដល់កម្រិតអូឡាំពិក ដោយកាលណាប្រភេទកីឡាមួយឈានដល់កម្រិតអូឡាំពិកហើយ អ្វីៗទាំងអស់នឹងល្អឥតខ្ចោះ និងមានភាពរឹងមាំ ក្នុងការថែរក្សាមរតកវប្បធម៌ក្បាច់គុនប្រពៃណីជាតិខ្មែរយើង នៅលើឆាកអន្តរជាតិបានហើយ»។
បច្ចុប្បន្ន សហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា កំពុងពង្រឹងការអភិវឌ្ឍទាំងក្នុងក្របខណ្ឌថ្នាក់ជាតិ និងអន្ដរជាតិ ដើម្បីអភិរក្សក្បាច់គុនមួយនេះ ឲ្យក្លាយទៅជាការអប់រំស្មារតីមួយដល់អ្នកហាត់គុន បញ្ជ្រាបស្មារតីព្រលឹងវប្បធម៌ និងអប់រំស្មារតីមនុស្ស ពិសេសគ្រោងដាក់បញ្ចូលក្នុងកម្មវិធីសិក្សាចំណេះដឹងទូទៅ និងផែនការបង្កើតក្លិបតាមទីវត្តអារាមប្រមាណ ២ម៉ឺនវត្ត នៅទូទាំងប្រទេសទៀតផង។
សូមបញ្ជាក់ថា ក្បាច់គុនល្បុក្កតោ ត្រូវបានកម្ពុជាដាក់ស្នើទៅអង្គការយូណេស្កូ ជាសម្បត្តិបេតិកភណ្ឌអរូបីនៃមនុស្សជាតិ ប៉ុន្តែអង្គការយូណេស្កូ បានបញ្ជូនឯកសារត្រឡប់មកកម្ពុជាវិញ ដោយសារកម្ពុជាមិនទាន់បានបំពេញគ្រប់លក្ខណៈសម្បត្តិគ្រប់គ្រាន់ ឬមិនទាន់ធ្វើឲ្យក្បាច់គុននេះ មានលក្ខណៈសហគមន៍ ក្នុងក្របខ័ណ្ឌជាតិ។ យ៉ាងណាមិញឯកឧត្តម វ៉ាត់ ចំរើន នៅតែមានសុទិដ្ឋិនិយមថា កម្ពុជានៅតែមានឱកាស ក្នុងការដាក់ស្នើបញ្ចូលក្បាច់គុនល្បុក្កតោនេះ ជាសម្បត្តិបេតិកភណ្ឌអរូបីនៃមនុស្សជាតិ នាថ្ងៃអនាគត៕