គ្រូបង្គោលសូលទីឡូ៖ ការប្រកួតរវាងសូលទីឡូអង្គរ និងនគរបាលជាតិ កាន់តែល្អមើលជក់ចិត្ត ដោយចង់ឈ្នះដូចគ្នា

0
10

ភ្នំពេញ៖ លោក អ៊ុក សុធី គ្រូបង្គោលក្លឹបកីឡាបាល់ទាត់សូលទីឡូអង្គរថ្លែងថា សម្រាប់ការប្រកួតជាមួយក្រុមនគរបាលជាតិ នារសៀលថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២១នេះ គឺជាការប្រកួតមួយដ៏ល្អ ដោយសារក្រុមទាំងពីរសុទ្ធតែត្រូវការចង់ឈ្នះដូចគ្នា ចង់បានពិន្ទុដូចគ្នា។

គ្រូបង្គោលរូបនេះអះអាងថា «សម្រាប់ខ្ញុំគិតថា មួយប្រកួតនេះនឹងល្អមើលជក់ចិត្ត ហើយខ្ញុំជឿថា ខាងក្រុមគូប្រកួតរបស់ខ្ញុំនឹងប្រឹងប្រែងដូចគ្នា។ ប៉ុន្តែទោះជាយ៉ាងណា ខ្ញុំ និងកូនក្រុមទាំងអស់ប្តេជ្ញាចិត្តថានឹងខិតខំឲ្យអស់១០០% ដើម្បីប្រជែងបានពិន្ទុ ក្នុងឋានៈជាក្រុមម្ចាស់ផ្ទះ។ ពេលនេះយើងកំពុងប្រឹងប្រែងនៅតំបន់ការពារបន្ថែមឲ្យបានរឹងមាំ ព្រោះ១ប្រកួតចុងក្រោយកន្លងមកនេះ បានធ្វើឲ្យសូលទីឡូអង្គរ របូតដល់ទៅ៣គ្រាប់ ក្នុងជំនួបជាមួយណាហ្គាវើលដ៍។ ចំពោះនៅតំបន់ប្រយុទ្ធ ខ្ញុំនឹងព្យាយាមធ្វើឲ្យបានកាន់តែច្រើន តាមលទ្ធភាពដែលអាចធ្វើទៅបាន ដោយសារក្រុមសូលទីឡូអង្គរ និងនគរបាលជាតិ សុទ្ធតែមិនទាន់ឈ្នះ១ប្រកួតណាដូចគ្នា ហើយយើងត្រូវការពិន្ទុដូចគ្នា។ ទោះយ៉ាងណា ការប្តេជ្ញាចិត្តជារឿងមួយ ដើម្បីបណ្តុះនូវឆន្ទៈឲ្យមុះមុត ហើយយើងនឹងរង់ចាំមើលលទ្ធផលបញ្ចប់ការប្រកួត»។

សម្រាប់៣ប្រកួតដែលនៅសល់មុនបញ្ចប់ជើងទី១ ក្នុងក្របខ័ណ្ឌលីគកំពូលកម្ពុជា រដូវកាល ២០២១នេះ គឺលោកនឹងបន្តការព្យាយាមស្វែងរកលទ្ធផលដ៏ល្អប្រសើរគ្រប់ការប្រកួត ដើម្បីស្វែងរកទីតាំងសុវត្ថិភាព គេចចេញពីតំបន់គ្រោះថ្នាក់ដែលត្រូវកាត់ចោលទម្លាក់ទៅលីគលំដាប់ទី២។ ចំពោះការប្រកួតសម្រាប់ជើងទី២ គឺគ្រប់ការប្រកួតទាំងនោះ សុទ្ធសឹងជាការប្រកួតដ៏លំបាក ដោយសារក្រុមនានាបានរៀបចំខ្លួនបានល្អប្រសើរច្រើន និងការលេងមានកម្រិតខ្ពស់ៗផងដែរ។

បើទោះបីជាលោក អ៊ុក សុធី បានមើលឃើញនូវការលំបាកសម្រាប់ការប្រកួតក្តី ប៉ុន្តែក្នុងនាមលោកជាគ្រូបង្គោល នៅតែបណ្តុះស្មារតី ឆន្ទៈកីឡាកររបស់ខ្លួន ឲ្យប្រឹងប្រែងហ្វឹកហាត់ និងការប្រកួត ដើម្បីប្រជែងបានលទ្ធផលល្អៗ នាពេលខាងមុខ។ «ពេលនេះ ក្រុមទាំងមូលបានប្រឹងប្រែងកែតម្រូវភាពចម្លោះប្រហោង ហើយយើងដាក់ចិត្តរួមគ្នា ១០០% នៅលើទីលាន លះបង់គ្រប់បែបយ៉ាង សម្រាប់ការប្រកួតសំខាន់ៗចំពោះមុខ ជាពិសេសគឺ៣ប្រកួតចុងក្រោយនៃជើងទី១នេះ»។

យោងតាមកម្មវិធីប្រកួតរបស់គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា (CNCC) នៃសហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) ដែលជាអ្នកគ្រប់គ្រងព្រឹត្តិការណ៍នេះ បានឲ្យដឹងថា ៣ប្រកួតចុងក្រោយនៃជើងទី១របស់ក្រុមសូលទីឡូអង្គរ ត្រូវទទួលក្រុមភ្ញៀវ នគរបាលជាតិ នារសៀលថ្ងៃទី១ ខែកញ្ញា, ទទួលក្រុមភ្ញៀវ អង្គរថាយហ្គឺរ នាថ្ងៃទី៤កញ្ញា និងចុងក្រោយប៉ះជាមួយម្ចាស់ផ្ទះ អាស៊ីអឺរ៉ុបយូណាយធីត នាថ្ងៃទី៩ ខែកញ្ញា។

សូមរំឭកថា ឆ្លងកាត់៩ប្រកួត សូលទីឡូអង្គរ ទទួលបានលទ្ធផល ស្មើ១ និងចាញ់៨ មាន១ពិន្ទុ ឈរនៅចំណាត់ថ្នាក់លេខ១៣ ក្នុងចំណោម១៣ក្រុមនៃក្របខ័ណ្ឌលីគកំពូលកម្ពុជា រដូវកាល ២០២១នេះ ខណៈ៧ប្រកួតរបស់ក្រុមនគរបាលជាតិ ស្មើ២ និងចាញ់៥ មាន២ពិន្ទុ ឈរនៅលេខ ១២បណ្តោះអាសន្ន៕

ប្រភពរូបភាព៖ ក្លិបបាល់ទាត់សូលទីឡូអង្គរ

LEAVE A REPLY

Please enter your comment!
Please enter your name here