ភ្នំពេញ៖ សហព័ន្ធកីឡាបាល់ទាត់អាស៊ីអាគ្នេយ៍ (AFF) បានសម្រេចផ្ដល់សិទ្ធិឲ្យប្រទេសសិង្ហបុរី ធ្វើម្ចាស់ផ្ទះការប្រកួតបាល់ទាត់ជើងឯកអាស៊ីអាគ្នេយ៍ AFF SUZUKI CUP 2020 ជាផ្លូវការហើយ ខណៈការប្រកួត នឹងចាប់ផ្ដើមពីថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២១ ដល់ថ្ងៃទី០១ ខែមករា ឆ្នាំ២០២២ ខាងមុខ។ នេះបើយោងតាមការ Cambodia SEA GAME 2023។
ការផ្ដល់សិទ្ធិឲ្យសិង្ហបុរីធ្វើម្ចាស់ផ្ទះនេះ ធ្វើឡើងក្រោយកិច្ចប្រជុំពិភាក្សា និងការសម្រេចរបស់ AFF បន្ទាប់ពីមានបេក្ខភាព ៥ប្រទេសបានដាក់ពាក្យស្នើធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍បាល់ទាត់ជើងឯកអាស៊ាននេះ រួមមានកម្ពុជា វៀតណាម ឥណ្ឌូនេស៊ី ថៃ និងសិង្ហបុរី។
គួរដឹងថា ការប្រកួត AFF SUZUKI CUP 2020 នេះ បានចាប់ឆ្នោតបែងចែកពូលរួចហើយ ដោយកម្ពុជា ស្ថិតក្នុងពូល B ជាមួយវៀតណាម ម៉ាឡេស៊ី ឥណ្ឌូនេស៊ី និងឡាវ។ រីឯពូល A គឺមានម្ចាស់ផ្ទះសិង្ហបុរី ថៃ មីយ៉ាន់ម៉ា ហ្វីលីពីន និងក្រុមឡើងមកពីវគ្គជម្រុះរវាងប្រ៊ុយណេ និងទីម័រខាងកើត៕