កីឡា៖ តំណែងរបស់លោក Ole Gunnar Solskjaer ក្នុងនាមជាគ្រូបង្វឹកក្រុមបិសាចក្រហម Manchester United ត្រូវបានគេរាយការណ៍ថាមានសុវត្ថិភាពបើទោះបីជាក្រុមរបស់លោកបរាជ័យក្នុងទម្រង់លេងក៏ដោយ។
ការបរាជ័យ ៤-២ នៅថ្ងៃសៅរ៍នៅលើទឹកដីក្រុម Leicester City ក្នុងក្របខ័ណ្ឌ Premier League វាបានក្លាយជាការចាញ់ ៣លើកក្នុងចំណោម ៥ប្រកួត សម្រាប់ក្រុមម្ចាស់ជើងឯកអង់គ្លេស ២០ សម័យកាលដែលមិនបានឈ្នះនៅក្នុងលីកចាប់តាំងពីពាក់កណ្តាលខែកញ្ញា។
បិសាចក្រហមទទួលបានតែ ១ពិន្ទុប៉ុណ្ណោះ សម្រាប់ ៣ប្រកួតចុងក្រោយ របស់ពួកគេ ហើយត្រូវប្រឈមការប្រកួតដ៏ស្វិតស្វាញចំនួន៣ ទៀត ជាមួយក្រុមខ្លាំងក្នុងនោះរួមមាន Liverpool, Tottenham Hotspur និង Manchester City។
ខាង The Athletic បានចុះផ្សាយថា Solskjaer នៅតែមានការគាំទ្រពេញទំហឹង ពីក្រុមប្រឹក្សាភិបាល របស់ Man Utd ដែលមិនគិតពីការបណ្តេញគ្រូបង្វឹកជនជាតិន័រវេសរូបនេះចេញពីតំណែងគ្រូបង្វឹកឡើយ។
Man United ដែលបច្ចុប្បន្នឈរនៅលេខរៀងទី ៥ ក្នុងតារាង Premier League នឹងសម្លឹងរកវិធីឈ្នះនៅពេលពួកគេប្រកួតជាមួយ Atalanta BC ក្នុងការប្រកួត Champions League នៅយប់ថ្ងៃពុធ៕