ភ្នំពេញ៖ យោងតាមCambodia SEA GAMES 2023 បានឲ្យដឹងថា ក្រុមបាល់ទាត់ជម្រើសជាតិអាយុក្រោម ២៣ឆ្នាំកម្ពុជា បានយកឈ្នះក្រុម U23 ហុងកុង ដោយលទ្ធផល ៤-២ ក្នុងការប្រកួតជម្រុះពានរង្វាន់ AFC U23 Asian Cup Uzbekistan 2022-Qualifiers ពូល K នៅកីឡដ្ឋាន J-Village ប្រទេសជប៉ុន នៅរសៀលថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១ នេះ។
ជំនួបបើកឆាកពូល K នេះ ក្រុមគោព្រៃជំទង់កម្ពុជា បានបង្ហាញទម្រង់លេងយ៉ាងល្អ ជាមួយការស៊ុតបំប៉ោងសំណាញ់ទីក្រុម U23 ហុងកុង ៤គ្រាប់មុន ដោយកីឡាករ សៀង ចន្ធា ២គ្រាប់ នៅនាទី៤០ និងនាទី៥៤ មុនមិត្ដរួមក្រុម ស៊ិន កក្កដា និង មិន រតនៈ បន្ថែមម្នាក់ ១គ្រាប់ទៀត នៅនាទី៥៦ និងនាទី៦១។
នៅសល់រយៈពេលជាង ១០នាទីចុងក្រោយ ទើបក្រុម U23 ហុងកុង វាយបកបាន ២គ្រាប់វិញ ដែលធ្វើសម្រេចដោយខ្សែប្រយុទ្ធ Lam Lok Kan Jordan ទាំង ២គ្រាប់ នៅនាទី៨១ និងនាទី៩០+៣ ។ គ្រាប់ទី២ របស់ហុងកុង គឺជាគ្រាប់បាល់ពិន័យ ១១ម៉ែត្រ បន្ទាប់ពីខ្សែបម្រើ-កាករពារ សឿត ណាវ៉ា បង្កកំហុសក្នុងប្រអប់គ្រោះថ្នាក់។
តាមរយៈជ័យជម្នះនេះ បានជួយឲ្យក្រុម U23 កម្ពុជា មាន ៣ពិន្ទុពេញឈរកំពូលតារាងពូល K ជាបណ្ដោះអាសន្ន មុនឈានទៅប្រកួតបញ្ចប់ពូលជាមួយក្រុមម្ចាស់ផ្ទះ U23 ជប៉ុន នាថ្ងៃទី២៦ ខែតុលាសប្ដាហ៍ក្រោយ ។ ការប្រកួតជាមួយជប៉ុន កម្ពុជាត្រូវការយ៉ាងហោច ១ពិន្ទុ ដើម្បីមានសង្ឃឹមបានឡើងទៅវគ្គបន្ដ នៃពានរង្វាន់យុវជន U23 ជើងឯកទ្វីបអាស៊ីនេះ៕