ភ្នំពេញ៖ លោក បណ្ឌិត ហ៊ុន ម៉ាណែត ប្រធានសមាគមសិស្ស-និស្សិតអាហារូបករណ៍ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជេីញចូលរួម ក្នុងកម្មវិធីប្រកួតបាល់ទាត់មនុស្សធម៌ ប្រមូលថវិកាជួយជនរងគ្រោះដោយទឹកជំនន់ អតីតយុទ្ធជន យោធិនពិការ និងគ្រួសារយោធិនមានជីវភាពខ្វះខាត នៅ កីទ្បដ្ឋាន Smart RSN Stadium, ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២០ ។
លោក ម៉ាណែត បានថ្លែងថា គោលដៅចម្បងនៃកម្មវិធីថ្ងៃនេះ គឺជាការសម្រេចជោគជ័យ ក្នុងចលនារួមគ្នា ដើម្បីជួយដល់ប្រជាពលរដ្ឋ អតីតយុទ្ធជន និងយោធិនរបស់យើង ដែលកំពុងប្រឈមនឹងកាល:ទេស:ដ៏លំបាកនៃគ្រោះទឹកជំនន់ ហើយពិតជាណាស់ដែលប្អូនៗនិសិ្សតអាហាររូបករណ៍ សម្តេចអគ្គសេនាបតីតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) ទាំងអស់រួបរួមគ្នា ធ្វើសកម្មភាពមនុស្សធម៌ ដ៏ថ្លៃថ្លានេះ។
លោក សង្កត់ធ្ងន់ថា ការប្រកួតនេះ គឺយើងប្រកួត នៅក្នុងស្មារតីមិត្តភាព និងសាមគ្គីភាព ដើម្បីចូលរួមចំណែកទាំងអស់គ្នា ជួយទៅដល់ប្រជាពលរដ្ឋយើង ដែលរងគ្រោះដោយសារទឹកជំនន់ ក្នុងរយ:ពេលប៉ុន្មានសប្តាហ៏កន្លងមក ដែលកំពុងតែត្រូវការជំនួយចាំបាច់ ជាពិសេសនៅក្នុងដំណាក់កាលនៃការស្តារទ្បើងវិញ នាពេលនេះ។
លោក សូមអរគុណក្រុមការងារគ្រប់គ្រងនិស្សិត អាហារូបករណ៏សម្តេចអគ្គសេនាបតីតេជោ និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត (អ.ម.ត) ក្រុម LP8 និងសប្បុរសជនទាំងអស់ ដែលបានបរិច្ចាគនូវធនធានថវិកា និងសម្ភារ: តាមរយ:កម្មវិធីនេះ ក្នុងបុព្វហេតុមនុស្សធម៌ ជួយសង្គ្រោះប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ ដែលកំពុងជួបប្រទះការលំបាក ក្នុងគ្រាអាសន្ន។ កាយវិការ នឹងទឹកចិត្តដ៏សប្បុរសនេះ គឺជាការចូលរួមដ៏ថ្លៃថ្លាបំផុត នៅក្នុងគ្រាដ៏លំបាកនេះ ហើយក៏បានឆ្លុះបញ្ចាំងឱ្យឃើញ អំពីកម្លាំងសាមគ្គីភាពជាតិដ៏រឹងមាំ ស្មារតីចែករំលែក រួមសុខរួមទុក្ខ ដែលកម្លាំងនេះ នឹងជួយឱ្យប្រទេសជាតិ និងប្រជាជនយើងអាចឆ្លងកាត់, ជម្នះបាននូវរាល់ឧបសគ្គ និងគ្រោះមហន្តរាយនានា ដែលកំពុងកើតឡើងចំពោះមុខ៕






