កីឡា៖ និយាយពី ចាន់ វឌ្ឍនាកា មកដល់ពេលនេះនៅតែក្លាយជាប្រធានបទដ៏សំខាន់ ខណៈដែលរូបគេនៅតែមិនទាន់បានបង្ហាញខ្លួនលេងសារជាថ្មីជូនក្លិបបឹងកេត ឬក្លិបអ្នកមានផ្សេងទៀត ក្នុងលីកកម្ពុជា ។
ចាន់ វឌ្ឍនាកា ហាក់ឆ្ងាយចេញពីពិភពបាល់ទាត់ ក្នុងរយៈពេលកៀក១ឆ្នាំចុងក្រោយមកនេះ ហើយអ្នកគាំទ្ររូបគេដ៏ច្រើនសន្ធឹក បានចង់ដឹង និងចង់ឃើញថា តើរូបគេនឹងបង្ហាញខ្លួនលេង សារជាថ្មី នៅក្លិបណា ? ឬ នៅក្លិបបឹងកេតដដែល ?
ប៉ុន្តែប្រភពច្បាស់ការមួយបានបញ្ជាក់ថា វឌ្ឍនាកា នឹងមិនបង្ហាញខ្លួនលេងជូនក្រុមបឹងកេតបន្តនោះទេ ខណៈដែលមួយរយៈមុនការចរចារហាក់មិនស៊ីជម្រៅជាមួយគ្នា លើបញ្ហាសេវាកម្មលេង ។ CV 11 ត្រូវបានគេចាត់ទុកថាជាអ្នកផ្តាច់ទីដ៏ល្អ ក្នុងលីកកម្ពុជា ហើយក៏ជាកីឡាករដែលទទួលបានថ្លៃសេវាកម្មលេងថ្លៃគួរសមផងដែរនៅលីកក្រៅស្រុក ។ មានការលើកឡើងបន្តថា បញ្ហាគឺនៅត្រង់នេះឯង គឺពាក់ព័ន្ធនឹងកម្រៃពលកម្ម ។
ទោះជាយ៉ាងណាចំណុចនេះ មានអ្នកសារព័ត៌មានជាច្រើនបានជជីកសួរ ដេញដោលរកហេតុផលដ៏ជាក់លាក់ ដើម្បីស្រាយបំភ្លឺទៅកាន់ ទស្សនិកជន ប៉ុន្តែនៅតែមិនអាចទទួលបានចម្លើយ ចុងក្រោយ ។
មកដល់ដំណាក់កាលចុងក្រោយនេះ ព័ត៌មានរបស់ ចាន់ វឌ្ឍនា បានបាចសាចម្តងទៀតនៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក ដោយល្បីថានឹងទៅកាន់ក្លិបអ្នកមាន មួយទៀតក្នុងស្រុកខ្មែរ ។
នៅលើហ្វេសប៊ុកផេកក្លិបអ្នកមាន វិសាខា ដែលជាក្លិបមានធនធានអាចច្បាមយកកីឡាករល្អៗ មកលេងនោះ បានប្រកូកប្រកាសដោយប្រើវិធី Frank លាក់មុខ ដោយទស្សនិកជន ក៏ដូច ជាអ្នកតាមដាន បានចាត់ទុកថា លេខ ១១ ដែលក្លិបខាងលើបង្ហាញច្បាស់ណាស់ជា ចាន់ វឌ្ឍនា ។
គេបានលើកឡើងបន្តថា ក្លិបដែលអាចមានសមត្ថភាពយក ចាន់ វឌ្ឍនាកា ទៅលេង នាពេលបច្ចុប្បន្ន ក្រៅពីបឹងកេង មាន ក្លិបវិសាខា និង ភ្នំពេញក្រោន តែប៉ុណ្ណោះ ប៉ុន្តែនៅទីនេះភាគ រយ ដ៏ខ្ពស់បំផុត គឺអាចទៅវិសាខាច្រើនជាងក្លិបណាៗទាំងអស់៕