ពហុកីឡដ្ឋានជាតិមរតកតេជោ គ្រោងបញ្ចប់ការសាងសង់ នាខែឧសភា ឆ្នាំ២០២១

0
22

ភ្នំពេញ៖ លោក វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC មានប្រសាសន៍ដែរថា កីឡដ្ឋានធំនៃពហុកីឡដ្ឋានជាតិមរតកតេជោ នឹងបញ្ចប់ការសាងសង់ជាស្ថាពរ ក្នុងអំឡុងខែឧសភា ឆ្នាំ២០២១ ដើម្បីបម្រើដល់ការរៀបចំការប្រកួតកីឡា ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។ នេះបើយោងតាមការចុះផ្សាយរបស់ cambodia sea game 2023។

ក្រោយពេលបញ្ចប់ការសាងសាង់កីឡដ្ឋានធំ (Main Stadium) យើងមានសកម្មភាពច្រើនណាស់ ដូចជាពិធីសម្ពោធជាផ្លូវការ ដែលនៅក្នុងពិធីសម្ពោធនេះនឹងមានការប្រកួតមិត្តភាពរវាងកម្ពុជា-ចិន និងសហការជាមួយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា សម្រាប់ការប្រកួតជម្រុះអន្តរជាតិ ក្នុងតំបន់អាស៊ាន ក៏ដូចជាទ្វីបអាស៊ីផ្សេងទៀតអាចយកមកប្រកួតនៅពហុកីឡាដ្ឋានជាតិមរតកតេជោ ដើម្បីសាកល្បងនូវទីលានប្រកួតបាល់ទាត់ថ្មី  បរិយាកាសថ្មី។

ការប្រកួតបាល់ទាត់អន្តរជាតិនានា អាចនឹងចាប់ផ្តើមធ្វើទៅបានពីអំឡុងពាក់កណ្តាលឆ្នាំ២០២១តទៅ ហើយនៅពហុកីឡដ្ឋានជាតិថ្មីនេះ ក៏នឹងប្រើប្រាស់សម្រាប់ការប្រកួតជើងឯកថ្នាក់ជាតិប្រចាំឆ្នាំរបស់សហព័ន្ធកីឡាជាតិមួយចំនួនផងដែរ។ ជារួម ការបើកឲ្យកីឡាករ កីឡាការិនីកម្ពុជា មកប្រកួតនៅទីនេះ គឺដើម្បីឲ្យបន្សាំខ្លួនទៅនឹងកីឡដ្ឋានថ្មី ក្នុងការបង្កើនគុណផលបច្ចេកទេសរបស់ពួកគាត់ឲ្យបានល្អប្រសើរ ក្នុងដំណើរឆ្ពោះទៅទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។

នៅឆ្នាំ២០២២ កម្ពុជាអាចរៀបចំធ្វើជាម្ចាស់ផ្ទះ ការប្រកួតតេស្តមុនស៊ីហ្គេម (Pre-SEA Games) ដោយបណ្តាប្រទេសក្នុងអាស៊ីអាគ្នេយ៍ចំនួន១០ផ្សេងទៀត អាចបញ្ជូនកីឡាករ កីឡាការិនីរបស់ខ្លួនតាមប្រភេទកីឡានីមួយៗ មកប្រកួតឆ្លាស់គ្នាបាន ដើម្បីឲ្យការប្រើប្រាស់របស់យើងមាននិរន្តរភាព ក៏ដូចជាជួយផ្តល់ជាបទពិសោធន៍ដល់ការរៀបចំ របស់សហព័ន្ធកីឡាជាតិនានារបស់កម្ពុជាកាន់តែច្រើនផងដែរ។ ទាំងអស់នេះ គឺជាការចង្អុលបង្ហាញ និងការណែនាំរបស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធាន CAMSOC ដែលសម្តេចប្រធានតែងតែជំរុញឲ្យយើងខិតខំធ្វើការដោយការយកចិត្តទុកដាក់គ្រប់ជ្រុងជ្រោយ ទាំងប្រសិទ្ធភាពនៃការរៀបចំ ទាំងប្រសិទ្ធភាពនៃបច្ចេកទេស៕

LEAVE A REPLY

Please enter your comment!
Please enter your name here