បញ្ហាទល់លាមក អាចបង្កមកពីការទទួលទានអាហារប្រចាំថ្ងៃមិនបានល្អ មិនមានជាតិសរសៃគ្រប់គ្រាន់, រោគសញ្ញានៃជំងឺពោះវៀន, មហារីកពោះវៀនធំ, អង្គុយយូរពេក, ជាតិអាល់កុល, ស្ត្រេស, មានផ្ទៃពោះ, ការប្រើឱសថ, ប្តូររបបអាហារភ្លាមៗ, ជំងឺទឹកនោមផ្អែម ឬ ជំងឺផ្សេងៗមួយចំនួនទៀត។
នៅថ្ងៃនេះគេហទំព័រចំប៉ី សូមណែនាំឱ្យអ្នកសាកល្បងទទួលទានទឹកផ្លែឈើទាំង៥ ប្រភេទដូចខាងក្រោមនេះ៖
ទឹកផ្លែព្រូន : ផ្លែព្រូន ៥ផ្លែ ត្រាំទឹកក្តៅឧណ្ហៗ ៥នាទី រួចបកសម្បកនិងយកគ្រាប់ចេញ, ទឹកឃ្មុំកន្លះស្រាបព្រាបាយ, ម្សៅ Cumin កន្លះស្លាបព្រា បាយនិងទឹកក្តៅតិចៗ ១ពែង ដាក់ចូលក្នុងម៉ាស៊ីនក្រឡុកចូលគ្នា រួចទទួលទាន។
ទឹកផ្លែសារី: ក្រឡុកផ្លែសារីជាមុនសិន បន្ទាប់មកចាក់ដាក់ចូលកែវរួច សឹមដាក់ទឹកក្រូចឆ្មារ (២ស្លាបព្រាកាហ្វេ) និងអំបិលបន្តិចចូលរួចកូរវាឱ្យរលាយចូលគ្នាមុនទទួលទាន។
ទឹកផ្លែប៉ោម : ប៉ោមមួយផ្លែចិតសម្បក និងយកគ្រាប់ចេញ, ម្សៅ Fennel កន្លះស្លាបព្រាកាហ្វេ និងទឹកកន្លះពែង ដាក់ក្រឡុកចូលគ្នាជាការស្រេច រួមសឹមយកមកទទួលទាន។
ទឹកក្រូច : ដោយគ្រាន់តែយកសាច់ក្រូចទៅច្របាច់ឬកិនដោយម៉ាស៊ីនក្រឡុក។ មុនពេលទទួលទានគ្រាន់តែបន្ថែមអំបិលបន្តិចហើយកូរវាឱ្យរលាយចូលគ្នានោះអាចទទួលទានបានហើយ។
ទឹកក្រូចឆ្មារ : យកទឹកក្តៅឧណ្ហៗមួយពែង បន្ថែមក្រូចឆ្មារមួយចំហៀងផ្លែ ទឹកឃ្មុំមួយស្លាបព្រាកាហ្វេ និងម្សៅ Cumin កន្លះស្លាបព្រាកាហ្វេ កូរឱ្យរលាយចូលគ្នាមុនទទួលទាន។
ផ្លែឈើទាំង ៥ ប្រភេទខាងលើនេះ សុទ្ធតែជាប្រភេទផ្លែឈើដែលមានជាតិកាកសរសៃ វីតាមីន C និងជាតិរ៉ែខ្ពស់ អាចជួយដល់ការរំលាយអាហារ ជួយបណ្តេញជាតិពុលចេញមកខាងក្រៅ និងជួយសម្រួលដល់ការធ្វើការរបស់ពោះវៀនធំយ៉ាងល្អប្រសើរ។
ដ្បិតថាទឹកផ្លែឈើទាំងនេះមានសមត្ថភាពក្នុងការជួយសម្រួលដល់អាការទល់លាមកក៏ពិតមែន តែវាក៏អាចផ្តល់នូវលទ្ធផលអវិជ្ជមានមួយចំនូនដែរដូចជា កម្រិតជាតិស្ករក្នុងឈាមកើនឡើង ដែលអាចធ្វើឱ្យមានផលវិបាកសម្រាប់អ្នកមានជំងឺទឹកនោមផ្អែម ហើយសម្រាប់អ្នកដែលមានបញ្ហារលាកពោះវៀនវិញគឺអាចនឹងមានការប៉ះពាល់ខ្លះដែរ ដូច្នេះសម្រាប់អ្នកដែលមានបញ្ហាទាំងពីរប្រភេទដូចរៀបរាប់នេះគួរតែស្វែងរកវិធីនៃការកម្ចាត់បញ្ហាទល់លាមកដោយវិធីផ្សេងវិញល្អជាង។
ក្រៅពីទឹកផ្លែឈើទាំង៥មុខខាងលើនេះ ហើយ អ្នកក៏គួរតែបន្ថែមសារធាតុអាហារសំខាន់ៗមួយចំនួនទៀតដូចជា ផ្លែឈើ ផ្លែចេក ផ្លែឪឡឹក និងផ្លែល្ហុងជាដើម, បន្លែ ដូចជា (ស្ពៃ ប្រូខូលី ការ៉ុត និងឆៃថាវជាដើម, ប្រូតេអុីន សណ្តែកគ្រប់ប្រភេទ ធញ្ញជាតិ ខ្លាញ់ និងប្រេងអូលីវ) ព្រមទាំងសារធាតុរាវ (ទឹក ទឹកដូង ទឹកដោះគោ និងទឹកផ្លែឈើស្រស់ជាដើម)៕