ភ្នំពេញ៖ ប្រទេសកម្ពុជា មានអ្នកផ្ទុកមេរោគអេដស៍ ប្រមាណ១២ ០០០នាក់ នៅមិនទាន់ត្រលប់មកធ្វើតេស្តឈាម ដើម្បីបញ្ជាក់ពិតប្រាកដអំពី ស្ថានភាពមេរោគអេដស៍ នៅក្នុងខ្លួននោះទេ ខណៈអ្នកជំងឺអេដស៍មួយចំនួនទៀត បាននិងកំពុងលះបង់ការព្យាបាលឡើងវិញ។នេះបេីយោងតាមសារលិខិតរបស់ សម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសទិវាពិភពភលោក ប្រយុទ្ធនឹងជំងឺអេដស៍ ១ ធ្នួ ២០២ ០ ។
បើតាមរបាយការណ៍របស់ អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានបង្ហាញថា អត្រាផ្ទុកមេរោគអេដស៍ ក្នុងចំណោមមនុស្សពេញវ័យ ដែលមានអាយុចាប់ពី១៥ ដល់៤៩ឆ្នាំ បានថយចុះពី០,៨% នៅឆ្នាំ២០១០ មកនៅត្រឹម ០,៥% នៅឆ្នាំ២០១៩។ ក្នុងនោះ ចំនួនអ្នកស្លាប់គ្រប់វ័យដោយសារជំងឺអេដស៍ បានថយចុះពីចំនួនប្រមាណ២ ៣០០ នាក់ នៅឆ្នាំ២០១០ មកនៅត្រឹមចំនួនប្រមាណ១ ៣០០នាក់ ក្នុងឆ្នាំ២០១៩។បច្ចុប្បន្ននេះចំនួនអ្នកផ្ទុកមេរោគអេដស៍គ្រប់វ័យមានប្រមាណ៧៣ ០០០នាក់ ក្នុងនោះ ៨៤% បានធ្វើតេស្តឈាមដឹងពិតប្រាកដថា បានផ្ទុកមេរោគអេដស៍១០០% បានទទួលសេវាព្យាបាលដោយឱសថប្រឆាំងមេ រោគអេដស៍នឹង៩៦% ទទួលបានប្រសិទ្ធភាពនៃការព្យាបាលនាំឲ្យមានសុខភាពល្អ។ ចំនួនអ្នកឆ្លងថ្មីគ្រប់វ័យ បានថយ ចុះពីចំនួនប្រមាណ១ ៩០០នាក់ នៅឆ្នាំ២០១០ មកនៅត្រឹមប្រមាណ៧៨០នាក់ នៅឆ្នាំ២០១៩។
តាមរយៈសារលិខិតខាងលេី សម្ដេចតេជោហ៊ុនសែនបានថ្លែងថា «ក៏ប៉ុន្តែ យើងមិនត្រូវភ្លេចខ្លួន ស្កប់ស្កល់ជាមួយជោគជ័យដែលយើងទទួលបាននោះឡើយ ព្រោះថា ចាប់តាំងពីមានការរាតត្បាតមេរោគអេដស៍ ក្នុងទសវត្សរ៍ឆ្នាំ១៩៨០មក រហូតដល់ពេលនេះ ពិភពលោកមិន ទាន់រកឃើញវ៉ាក់សាំង ឬឱសថព្យាបាលជំងឺអេដស៍ឲ្យជាសះស្បើយជាស្ថាពរនៅឡើយទេ។
ម៉្យាងទៀត នៅកម្ពុជា យើងមានអ្នកផ្ទុកមេរោគអេដស៍ប្រមាណ១២ ០០០នាក់ នៅមិនទាន់បានត្រលប់មកធ្វើតេស្តឈាម ដើម្បីបញ្ជាក់ពិត ប្រាកដអំពីស្ថានភាពមេរោគអេដស៍នៅក្នុងខ្លួននោះទេ។ អ្នកជំងឺអេដស៍មួយចំនួនទៀតបាន និងកំពុងលះបង់ការព្យា បាលឡើងវិញ។ ជាមួយគ្នានោះ ប្រជាជន គន្លឹះ ដូចជា ក្រុមបុរសរួមភេទជាមួយបុរស ក្រុមបំប្លែងភេទ ស្រ្តីបម្រើសេវា កម្សាន្តសប្បាយមានចំនួនកើនឡើង និងមានអត្រាឆ្លងមេរោគអេដស៍ខ្ពស់ ដែលអាចនាំឲ្យមានការចម្លងមេរោគអេដស៍ ទៅប្រជាពលរដ្ឋទូទៅទៀតផង»។
នៅចំពោះមុខហានិភ័យ នៃការរីករាលដាលឡើងវិញនៃជំងឺអេដស៍ សម្ដេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវសារជាថ្មី ទៅដល់ជនរួមជាតិត្រូវបន្ដខិតខំទប់ស្កាត់មេរោគអេដស៍ និងជំងឺអេដស៍ ដោយចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងចរន្ត ជាតិតែមួយ ឆ្ពោះទៅបញ្ចប់អេដស៍នៅកម្ពុជា នៅឆ្នាំ២០២៥ ខាងមុខ ដោយជោគជ័យ។ ការចូលរួមទាំងនោះ រួមមាន ការធ្វើតេស្តឈាមរកមេរោគអេដស៍ ,ការប្រើប្រាស់ស្រោមអនាម័យឲ្យបានទូលំទូលាយ ការមិនរើសអើងអ្នកផ្ទុកមេរោគ អេដស៍ និងការជួយឧបត្ថម្ភ គាំទ្រអ្នកផ្ទុកមេរោគអេដស៍ដែលជាជនក្រីក្រ ជាដើម។
ជាងនេះទៅទៀត សម្ដេចតេជោ ហ៊ុន សែន ក៏បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា នៅតែចាត់ទុកការប្រយុទ្ធប្រឆាំ ងនឹងមេរោគអេដស៍ និងជំងឺអេដស៍ជាអាទិភាពខ្ពស់ ព្រោះមេរោគអេដស៍ជាការគំរាមកំហែងដល់សុខភាពសាធារណៈ ដែលជាគ្រោះថ្នាក់ដល់អាយុជីវិតរបស់ប្រជាពលរដ្ឋ និងដែលប៉ះពាល់ដ៏ធ្ងន់ធ្ងរដល់ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច។
រាជរដ្ឋាភិបាល ដែលមានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ជាសេនាធិការ នឹងបន្តខិតខំចាត់វិធានការគ្រប់យ៉ាង ដើម្បី ឈានទៅសម្រេចគោលដៅ ដូចតទៅ ៖ អ្នកឆ្លងមេរោគអេដស៍ថ្មីមិនលើសពីមួយនាក់ ក្នុងមួយថ្ងៃ និងអ្នកស្លាប់ដោយ សារជំងឺអេដស៍ មិនលើសពីបីនាក់ក្នុងមួយថ្ងៃ៕