ភ្នំពេញ៖ នាពេលថ្មីៗនេះមានការផ្សព្វផ្សាយដោយចេតនាទុច្ចរិត នូវព័ត៌មានមិនពិតក្នុងគណនីហ្វេសប៊ុកមួយ ដោយបានធ្វើការបង្ហោះព័ត៌មានក្លែងក្លាយថា “មន្ត្រីនគរបាលក្រសួង មហាផ្ទៃ ម្នាក់ ធ្លាក់ខ្លួនពិការក្រោយពីចាក់វ៉ាក់សាំងចិន ” ក្នុងគោលបំណងបង្កឱ្យមានភាពចលាចលក្នុងប្រទេសតែតាមការពិត រូបភាពដែលបានយកមកបង្ហោះនោះគឺជារូបភាពដែល ថ្នាក់ដឹកនាំនាយកដ្ឋានសន្តិសុខផ្ទៃក្នុងបាននាំយកថវិកានិងសម្ភារៈមួយចំនួនទៅចុះសួរសុខទុក្ខ លោកឧត្តមសេនីយ៍ត្រី ជា ឧត្តម ដែលមានជំងឺ គៀបសរសៃប្រាសាទឆ្អឹងខ្នង។
ទាក់ទងនឹងការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយនេះលោកឧត្តមសេនីយ៍ត្រី ជា ឧត្តម បានធ្វើការបដិសេធនៅក្នុងទំព័រហ្វេសប៊ុកផ្ទាល់ខ្លួន ហើយជាមួយគ្នានេះ នាយកដ្ឋានសន្តិសុខផ្ទៃក្នុង ក៏បានធ្វើការបដិសេធខ្លឹមសារដែលបានបង្ហោះខាងលើផងដែរ។
នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សូមណែនាំដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវមានការទទួលខុសត្រូវចំពោះព័ត៌មានដែលខ្លួនយកមកបង្ហោះ ឬចែកចាយ ទោះជាចេតនា ឬអចេតនាក្ដី ព្រោះលោកអ្នកអាចប្រឈមនឹងច្បាប់នូវរាល់ការផ្សព្វផ្សាយក្លែងបន្លំណាដែលបង្កឱ្យមានភាពចលាចលដល់សង្គម៕




