ភ្នំពេញ÷ នៅវេលាម៉ោង១១និង០០នាទី ថ្ងៃទី១ ខែមីនា ឆ្នាំ២០២១ ករណីឧក្រិដ្ឋជន៤នាក់ ចូលជំរិតនិងប្លន់សម្លាប់មិនបានសម្រេច ក្នុងបុរីអង្គរភ្នំពេញ ហើយប៉ះគ្នាជាមួយសមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលដឹកនាំដោយលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ក្រោមការបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បណ្តាលឲ្យក្រុមឧក្រិដ្ឋជនទាំង៤នាក់ ស្លាប់នៅនឹងកន្លែងគឺបានរៀបផែនការ គួរឲ្យភ្ញាក់ផ្អើលបំផុត។
យោងតាមហ្វេសប៊ុក របស់កងរាជអាវុធហត្ថរាជធានីភ្នំពេញបានឲ្យដឹងថា អ្នកផ្តើមគំនិតឈ្មោះ អ៉ឹម សុវណ្ណារិទ្ធ ធ្លាប់ធ្វើជាអ្នកបើកឡានឲ្យម្ចាស់ផ្ទះ ហើយក៏បានឈប់មួយរយៈ បន្ទាប់មកក៏សុំម្ចាស់ផ្ទះចូលធ្វើការវិញ តែម្ចាស់ផ្ទះមិនព្រមឆ្លើយតប រូបគេក៏បានរៀបចំផែនការ ចូលចាប់ជំរិតនិងប្លន់សម្លាប់ ក្នុងថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១ តែដោយពួកវាប្រមូលគ្នាមិនទាន់ជុំ និងរកអាវុធមិនទាន់គ្រប់ ក៏បានលើកគម្រោងទៅថ្ងៃទី២៦ ខែកុម្ភៈ តែដោយនៅថ្ងៃទី២៦នេះជុំគ្នារសៀលពេក មិនអាចអនុវត្តផែនការទាន់ ពួកវាក៏លើកគម្រោងទៅថ្ងៃទី ២៧វិញ តែដោយថ្ងៃទី២៧នេះជាថ្ងៃសៅរ៍ ខ្លាចចូលធនាគារដកលុយមិនទាន់ ទើបពួកវាលើកមកថ្ងៃច័ន្ទទី១ ខែមីនា នេះតែម្តង។
តាមផែនការដែលវាដាក់ចេញ ដំបូងគឺប្រមូលគ្នីគ្នាចូលទៅក្នុងផ្ទះ ភ្ជង់ម្ចាស់ផ្ទះឲ្យសសេរសែក នូវសាច់ប្រាក់១លានដុល្លារ បន្ទាប់មកនឹងចាប់កូនស្រីតូច របស់ម្ចាស់ផ្ទះម្នាក់ឡើងឡាន ទៅធនាគារ ដោយឲ្យគ្នាវាចុះដកលុយ និងគំរាមឲ្យម្ចាស់ផ្ទះចាំឆ្លើយទូរស័ព្ទជាមួយបុគ្គលិកធនាគារ ឲ្យពួកវាដកលុយចុះ។ ផែនការបន្ទាប់ ក្រោយពីដកលុយបាន ពួកវានឹងសម្លាប់ម្ចាស់ផ្ទះទាំង២នាក់ប្តីប្រពន្ធ ព្រមទាំងកូនៗ៦នាក់ និងអ្នកបម្រើ២នាក់ សរុប១០នាក់ ប្លន់យកលុយនិងគ្រឿងអលង្ការ ដែលមានក្នុងទូរដែកទាំងអស់ បន្ទាប់មកវេចខ្ចប់សាកសពដាក់ចូលឡានម្ចាស់ផ្ទះ២គ្រឿង ហើយបើកយកសពទៅបោះចោលនៅពេជ្រនិល។ រីឯអ្នកចូលធនាគារដកលុយ ត្រូវគេចខ្លួនទៅប្រទេសថៃ ឯអ្នកដទៃគឺមិនបាច់រត់ទៅណាទេ។ គម្រោងរបស់មេក្លោង ក្រោយពេលប្លន់បានសម្រេច នឹងទិញឡាន Luxis Kuro 570 មួយគ្រឿង រួចដណ្តឹងប្រពន្ធរៀបការ។
តែផែនការនេះត្រូវបានធ្លាយចេញមកដល់សមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញ ហើយកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ក៏បានរៀបផែនការរងចាំ ពួកវាចូលអន្ទាក់វិញអស់រយៈពេល៤ថ្ងៃមកហើយ។
រហូតដល់វេលាម៉ោង១១៖០០នាទី ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១ ឧក្រិដ្ឋជនទាំង០៤នាក់ បានចូលមកប្លន់តាមផែនការមែន ក៏ប៉ះគ្នាជាមួយកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បណ្តាលឲ្យក្រុមឧក្រិដ្ឋជនទាំង០៤នាក់ ស្លាប់នៅនឹងកន្លែង។
ក្រោយពេលប្រតិបត្តិការបានបញ្ចប់ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានចុះទៅពិនិត្យដល់កន្លែងកើតហេតុ និងបានឧបត្ថម្ភថវិកា ២០លានរៀល លើកទឹកចិត្ត ដល់កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលបានបំពេញបេសកម្មដោយជោគជ័យ ជួយសង្គ្រោះម្ចាស់ផ្ទះមានសុវត្ថិភាពគ្រប់គ្នា៕